ឃាត់​ជនដៃដល់​ជា​កម្មករ​ទូក​នេសាទ​២​នាក់ បន្ទាប់ពី​យក​ពូថៅ​កាប់សម្លាប់​តៃកុង​ទូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2016 ក+ ក-

ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ជនដៃដល់​២​នាក់​ជា​កម្មករ​ទូ​កនេ​សាទ ដែល​ជាប់​ពាក់ព័ន្ធ អំពើ​ឃាតកម្ម វាយ​នឹង​ពូថៅ​ទៅលើ​តៃ​ទូក​នេសាទ​ដូចគ្នា បណ្តាល​ឲ្យ​ស្លាប់ ខណៈដែល​ពួកគេ បាន​ចេញទៅ​នេសាទ​នៅលើ​ផ្ទៃសមុទ្រ ក្បែរ​កោះ​ក្រាស ក្នុង​ឃុំ​កោះ​ស្តេច ស្រុក​បទុម​សាគរ ខេត្តកោះកុង​។​
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ថ្លែងថា ដំណឹង​នៃ​អំពើ​ឃាត​កម្មនេះ​ត្រូវបាន​ថៅ​ទូក​នេសាទ​លោក ហេង សុគន្ធ អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ដែល​បាន​ទៅ​រាយការណ៍​ជូន​នគរបាល​របស់លោក​។ ថៅកែ​ទូក រូបនេះ បាន​ប្រាប់ថា កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦ ទូក​នេសាទ​របស់ គាត់​បានចេញ ទៅ​នេសាទ​លើ​ផ្ទៃសមុទ្រ​ក្បែរ​កោះ​ក្រាស ដោយ​នៅលើ​ទូក​មាន​កម្មករ​៣​នាក់ រួមមាន ជនរងគ្រោះ​ឈ្មោះ រ៉ា អាយុ​៤៤​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តកំពង់ស្ពឺ ជា​តៃកុង​ទូក រួមជាមួយ​ជនដៃដល់​ទាំង​២​នាក់ រួមមាន​ទី​១​ឈ្មោះ លឹម លុច អាយុ​២៤​ឆ្នាំ រស់នៅ សង្កាត់​១ ក្រុងព្រះសីហនុ និង​ទី​២​ឈ្មោះ លឹម ធា អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។​
​លុះដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ជនរងគ្រោះ និង​ជនដៃដល់​ទាំង​៣​នាក់ កើតមាន​ជម្លោះ​ជាមួយគ្នា រហូត​ជន​ទាំង​២​នាក់ បាន​យក​ពូថៅ​ដៃ​វាយ​តៃកុង​ទូក​ចំក្បាល​២​ពូថៅ​។ ពេលនោះ តៃកុង​ទូក​បាន​លោត​ចុះ​ពី​ទូក ហើយ​កម្មករ​ទូក​ទាំង​២​នាក់ បាន​កាត់​ខ្សែ​យុ​ត្តិ​កា​ទូក​រួច​បើកទូក​យកមក​ទុក ចោល​នៅ​កោះ​ស្តេច ហើយ​នាំគ្នា​ឡើង​ជិះ​រថយន្ត​គេចខ្លួន​។ ចំណែក​ជនរងគ្រោះ ជា​តៃកុង​ទូក​បាន​ស្លាប់ ដោយ​រកឃើញ​សព​អណ្តែត​នៅ​ជិត​កោះ ក្រាស​។​
លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ក្រោយពី​ទទួល បាន​ព័ត៌មាន​ពី​ថៅកែ​ទូក កម្លាំង​ជំនាញ​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ជាបន្ទាន់ និង​ឈានទៅ​ចាប់ខ្លួន ជនសង្ស័យ​បានជា​បន្តបន្ទាប់​នៅថ្ងៃនេះ ក្នុងនោះ​ជនសង្ស័យ ឈ្មោះ លឹម ធា ចាប់បាន​នៅ​ម៉ោង​៨ និង​០០​នាទី​ព្រឹក នៅ​ភូមិ​អង្គរ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ហើយ​ជនសង្ស័យ​ឈ្មោះ លឹម លុច ចាប់បាន​នៅ​ម៉ោង ៣៖០០​នាទី​រសៀល ថ្ងៃ​ដដែល​នេះ​នៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់ ស្ថិតក្រោម​ការសាកសួរ​នៅ ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​បន្តទៀត​៕

10399584_476160672586292_519835370100765718_n