ចាញ់ល្បែង​យក​ម៉ូតូ​ទៅ​បញ្ចាំ ប្រឌិត​ថា​ចោរប្លន់​ស្រែក​ផ្អើល​សមត្ថកិច្ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យុវជន​ម្នាក់​ចាញ់ល្បែង​អស់ យក​ម៉ូតូ​ទៅ​បញ្ចាំ រួម​បាន​ប្រឌិត​រឿង​ថា មាន​ចោរប្លន់​ម៉ូតូ​របស់ខ្លួន​ស្រែក​ផ្អើល​សមត្ថកិច្ច​ខណ្ឌទួលគោក​ចុះមក​សួរនាំ និង​អន្តរាគមន៍​។ ប៉ុន្តែ​ក្រោយ​ការ​ជជីក​សួរនាំ​រួចមក ស្រាប់តែ​ជននេះ​ឆ្លើយ​ប្រប់​ថា ខ្លួន​បាន​យក​ម៉ូតូ ទៅ​បញ្ចាំ​ចំនួន​៧០០​ដុល្លារ​។ ហេតុការណ៍ នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ក្បែរ ផ្សារ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​
​យុវជន​រូបនេះ​មានឈ្មោះ ឡឹ​ក រិ​ទ្ធ​រក្ស អាយុ​២២​ឆ្នាំ រ់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានមុខរ​បរជា​អ្នកលក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច តាម​ប្រព័ន្ធ Online​។ ចំណែក​ម៉ូតូ​ដែល​ដាក់បញ្ចាំ​នោះ​ម៉ាក Zoomer ពាក់​ស្លាក​លេខ​ភ្នំពេញ 1DF-2250 ។​
​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច យុវជន​រូបនេះ មាន​លេងល្បែង​ចាក់បាល់ នៅតាម​ប្រព័ន្ធ Internet បណ្តាល​ឲ្យ​ចាញ់ ទើប​យក​ម៉ូតូ​របស់ខ្លួន​ទៅ​បញ្ចាំ​ចំនួន​៧០០​ដុល្លារ នៅ​ហាង បញ្ចាំ​ឈ្មោះ ម៉ា​រ៉ា​ន់​II ស្ថិតនៅ​ផ្ទះ​លេខ​៨ ផ្លូវ​លេខ​១៨៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ហើយ​ជននេះ តែងតែ​បញ្ចាំ​នៅ​ហាង​មួយ​នេះ​ជាប្រចាំ​ទៅហើយ​។ តែ​លើក​នេះ ក្រោយ​ចេញពី​ហាង​បញ្ចាំ ក៏​ប្រឌិត​រឿង​ថា ចោរប្លន់​តែម្តង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ចុះទៅ​មើល​ជាច្រើន​នាក់​។​
ក្រោយ​ដឹងថា​ជននេះ​ប្រឌិត​រឿង​នោះ សមត្ថកិច្ច​ក៏​នាំខ្លួន​ទៅ​ហាង​បញ្ចាំ​នោះ និង​យក​ម៉ូតូ​មកវិញ ហើយ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រង់​ចាំ​សុំ​គោលការណ៍ ណែនាំ​បន្តទៀត​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៕

12814662_476174132584946_4904068977086711666_n