ខេត្តកណ្ដាល៖រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពលួចបូមប្រេងលក់នៅតែគគ្រឹកគគ្រេងជាងមុនខណៈមានឈ្មួញដុះស្លែម្នាក់ចាំឈរទិញជាយូរឆ្នាំណាស់មកហើយដែលមានទីតាំងក្នុងឃ្លាំងដោយធ្វើរបងរៀបឥដ្ឋថ្មខ្ពស់នៅចំណុចជាប់វត្តថ្មីស្ថិតនៅក្បាលភូមិ កំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ថៅកែខាងលើដែលឈរជើងចាំទិញនោះត្រូវបានគេស្គាល់ ឈ្មោះ ហេង សុភក្រ ភេទប្រុសអយុជិត៤០ឆ្នាំមានទីលំនៅចំណុចខាងលើ ជុំនាញខាងទិញប្រេងពីតៃកុងឡានគ្រប់ប្រភេទជាពិសេសគឺឡានស៊ីទែន ដែលលួចបូមយ៉ាងសម្បើប មួយរយៈក្រោយនេះថៅកែរូបនោះចំណេញពីទិញប្រេងក្រុមហ៊ុនដែលទីកុងលួចលក់នោះ បានទិញរថយន្តទំនើបតម្លៃ៥ម៉ឺនដុល្លារថ្មីៗនេះ យ៉ាងថ្មីសន្លាង។
ពាក់ពន្ធ័នឹងករណីនេះផងដែរលោក ភក្រ បានប្រាប់អ្នកព័ត៌មានយើងថា លោកពិតជាបានទិញប្រេងពីទីកុងឡានទាំងនោះមែន ហើយច្រើនឡាននិងច្រើនប្រភេទទៀតផង ជាប្រចាំនោះគឺឡានស៊ីទែនរបស់ ក្រុមហ៊ុន តេលា សាវីមិច និងសូគីមិចជាដើម ដែលតៃកុងលួចយកមកលក់ឲគាត់ និងបូមលក់។
ដោយឡែកពលរដ្ឋខ្លះបានលើកឡើងថា តៃកុងបើកឡានស៊ីទែនចេញចូលក្នុងមួយថ្ងៃៗពី១០ទៅ២០ឡាន ភាគច្រើនគេឃើញឡានក្រុមហ៊ុនចំនួន៣គឺ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនសាវីមិច និងក្រុមហ៊ុនតេលា។ ប្រភពដដែល បានឲ្យដឹងថា ក្នុងរថយន្តស៊ីទែនមួយគេលួចបូមលក់ពី៥ទៅ២០កាន ក្នុង១កានស្មើ៣០លីត្រជួនកាលឲ្យអ្នកជិតខាងជួយបូមទៀតផង ដោយឲ្យឈ្នួលគេថ្លៃជួយលើកប៊ីដុងលុយ១ម៉ឺនរៀលឬសាំង២លីត្រ។
ថ្លែងស្រដៀងគ្នានេះផងដែរអ្នកភូមិម្នាក់បានលើកឡើងយ៉ាងដូច្នេះថា ក្នុងមួយថ្ងៃលោក ភក្រ ទិញប្រេងពីតៃកុងលួចលក់នោះមិនតិចជាង១០០ប៊ីដុងទេមានតែលើស ហើយលោកភក្រ ធ្លាប់បានបង្ហើបប្រាប់គេថា ក្នុងមួយថ្ងៃគាត់ទិញនិងលក់ចំណេញពី២០០ដុល្លារទៅ៣០០ដុល្លារ គាត់ថាបើចំណេញតិចតួចមិនធ្វើទេ ព្រោះថាខុសច្បាប់ ណាខ្លាចភាគីម្ចាស់ក្រុមហ៊ុនប្រេងសាំងគេដឹងគេប្ដឹងគាត់៕