ផ្លាស់​តំណែង​លោក អ៊ឹម សួស្ដី ពី​គ​.​ជ​.​ប ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅក្នុង​លិខិតផ្លូវការ​ដែល​ចេញផ្សាយ​នៅពេល​ថ្មីៗ​កន្លងមកនេះ ឱ្យដឹងថា រដ្ឋាភិបាល បានសម្រេច​ស្នើសុំ​ផ្លាស់ប្ដូរ​មុខងារ​លោក អ៊ឹម សួស្ដី អតីត​ប្រធាន គ​.​ជ​.​ប ដោយ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​
​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ គ​.​ជ​.​ប គឺ​ឯកឧត្ដម អ៊ឹម សួស្ដី ត្រូវបាន​រដ្ឋាភិបាល​ដាក់​លិខិត​ស្នើសុំ​កែប្រែ​មុខតំណែង​ទៅកាន់​សភា​ម្ដងទៀត​។ នេះ​បើតាម​លិខិត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ញើជូន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៅ​ថ្ងៃ ២០ មីនា​ម្សិលមិញ ។​
​លិខិត​ដដែល​បន្តថា ដោយយោង​លើ​សមត្ថភាព និង បទពិសោធន៍​ការងារ​កន្លងមក ព្រមទាំង​យោងតាម​សេចក្ដីត្រូវការ​ចាំបាច់រ​បស់​រដ្ឋាភិបាល​ផង​នោះ រដ្ឋាភិបាល​សុំ​សេចក្ដី​អនុញ្ញាត​កែប្រែ​លើ​សំណើ​កែសម្រួល និង បំពេញបន្ថែម​លើ​សមាសភាព​សមាជិករ ដ្ឋា​ភិ​បាល ដូច​មានចែង​ក្នុង​លិខិត​លេខ ២៧៣ ល​.​ស ចុះ​ថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៦ កន្លងមក ដោយ​ស្នើ​តែងតាំង​ឯកឧត្ដម អ៊ឹម សួស្ដី ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​
​សូម​រម្លឹក​ផងដែរ​ថា នៅក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នាកាល​ពីថ្ងៃ ១៨ មីនា ឆ្នាំ ២០១៦ កន្លងមក​ថ្មីៗ​នេះ រដ្ឋាភិបាល​បានចេញ​ផ្សាយ​ឱ្យដឹង​នូវ​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល មួយ ចំនួន​ដែល​ត្រូវ​ផ្លាស់ប្ដូរ និង តែងតាំង​ថ្មី ក្នុងនោះ ឯកឧត្ដម អ៊ឹម សួស្ដី​ត្រូវបានតែងតាំង​ជា រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ​៕

index