ខេត្តកំពត៖យុវជនប្រុសស្រីសរុប២២នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន គ្រាដែលពួកគេកំពុងសំងំលេងហ្គេមបាញ់ត្រីនិងសេពគ្រឿងញៀន កាលពីអធ្រាត្រ ថ្ងៃ២១ មិនា នៅផ្ទះល្បែងបាញ់ត្រីមួយកន្លែងក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
លោក ឧត្តមសេនីត្រី អុិន ជីវ៉ា ស្នងការរងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានមានប្រសាសប្រាប់អ្នកសារព័ត៌មានថា ដោយមានការចង្អុលបង្ហាញពីលោក មៅ ចាន់មាក់ធុរិទ្ធិ ស្នងការខេត្តកំពត និងមានការសម្របសម្រួលដោយលោក ខាន់ សុផល ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត
លោកបានដឹកនាំកំលាំងផ្ទាល់ ចុះបង្ក្រាបទីតាំងល្បែងបាញ់ត្រីខាងលើ ដែលលួចលាក់លេងជាយូមកហើយ រហូតឈានដល់ការឆែកឆេររកឃើញជនអ្នកចែកចាយនិងសេពគ្រឿងញៀនសរុប២២នាក់។
លោកស្នងការរងបន្តថានេះជាប្រតិបត្តការពិសេសលើកទី១ហើយសម្រាប់ខេត្តកំពត ដែលបំបែកក្រុមអ្នកញៀនល្បែងនិងចែកចាយសារធាតុញៀនបានទាំងសំបុកខណះដែលសមត្ថកិច្ចបានចំនាយពេលតាមដានជាយូមកហើយ។
លោក អុិន ជីវ៉ា ស្នងការរងបានបន្ថែមថា ក្នុងការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនេះ នគរបាលដកហូតបានវត្ថុតាងជាទូហ្គេមបាន២គ្រឿង មូតូ៨គ្រឿង គ្រឿងញៀនប្រភេទម៉ាទឹកកក១០កញ្ចប់តូច គ្រឿងមាស៊ីនបច្ចេកទេសនិង ទូរស័ព្ទដៃ៦គ្រឿង។
ចំពោះម្ចាស់ផ្ទះឃាត់បាន២នាក់ទី១ឈ្មោះតុង លីកក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី២ ឈ្មោះឈា កញារ៉ា ភេទស្រី អាយុ២៥ឆ្នាំត្រូវជាប្រពន្ធ ជាបើកហ្គេមលួចលាក់នេះ។ ទី៣ឈ្មោះ ហ្គោល មូសា ទី៤ឈ្មោះ សូ ហ៊ីម ទី៥ ចូន ចាន់ ទី៦ ផាន់ ខុម ទី៧ សោម ពោទី ទី៨ សុខ ប៊ុនលាង ទី៩ វង់ វិចិត្រ ទី១០ អ៊ុយ វុធ ទី១១ ស៊ី រតនា ទី១២ ថោ វិចិត្រ ទី១៣ ផាន់ វណ្ណា ទី១៤ សាន សុធី ទី១៥ សុខ រដ្ឋា ទី១៦ សុខ គិរី ទី១៧ពោ កុក ទី១៨ រ័ត្ន ភារម្យ ទី១៩ វ៉ា លីខាន ទី២០ អ៊ុង មករា ទី២១ ស៊ុន ប៉ិច និងទី២២ សាង សណ្តាប់។ ពួកគេទាំងអស់គ្នាសុទ្ធតែជារស់នៅក្រុងកំពត និងស្រុកទឹកឈូ។
ក៏ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់ថាយុវជនទាំង២២នាក់នោះ មាន២០នាក់ទៅហើយជាអ្នកសេពគ្រឿងញៀន តែក្នុងនោះសមត្ថកិច្ចបានស៊ើបអង្កេតឃើញ៤នាក់ជាអ្នកចែកចាយថែមទៀតផង។
បច្ចុប្បន្នមនុស្សទាំង២២នាក់ខាងលើកំពុងត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្តរកមេខ្លោងផ្សេងទៀត និងត្រៀមបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការក្នុងពេលឆាប់ៗនេះ៕