ភ្នំពេញ៖ តារាចម្រៀងសំនៀងពីរោះចំនួន៤រូបមានដូចជាកញ្ញា ស៊ុន ស្រីពេជ្រ កញ្ញា ផន ស្រីខួច កញ្ញា ស៊ូ ដាណេ និងលោក ផាន់កុល សុភោ បានចេញដំណើរពីកម្ពុជាកាលពីល្ងាចថ្ងៃទី២២ខែមីនានេះដើម្បីច្រៀងរាំរកលុយនៅប្រទេសអូស្ត្រាលី។
ពួកគេនឹងចំណាយពេលមួយខែពេញ ពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីនៃប្រទេសនេះពិសេសតំបន់ដែលមានប្រជាជនខ្មែររស់នៅ។
សូមបញ្ជាក់ថា មុនការចេញដំណើរកញ្ញា ស៊ូ ដាណេ បានប្រាប់ថានាងនិងតារាចម្រៀងផ្សេងទៀតគឺតបតាមការចង់បានរបស់សមាគមខ្មែរ អូស្ត្រាលី ភាគខាងត្បូង ហើយទីក្រុងសំខាន់មួយចំនួនដែលសម្បូរដោយប្រជាជនខ្មែររស់នៅនឹងត្រូវបានពួកនាងចូលរួមច្រៀងរាំមានដូចជា ទីក្រុង ស៊ីដនី អាលដឺឡេត មេលប៊នផងដែរ។
កញ្ញាបញ្ជាក់ដែរថា នាងនិងសិល្បករទាំងអស់សុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញបទចម្រៀងចម្រុះ ពិសេសបទចម្រៀងប្រជាប្រិយខ្មែរ មានរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវជាដើម ដើម្បីបង្កបរិយាកាសកម្សាន្តសប្បាយសម្រាប់ប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ ក្រៅពីនេះនាងក៏នឹងបង្ហាញទស្សនីយភាពរបាំក្បាច់បុរាណ របាំ ព្រះរាជទ្រព្យ និង របាំប្រជាប្រិយខ្មែរមួយចំនួនតបតាមការចង់បានរបស់អ្នករៀបចំកម្មវិធីខាងលើផងដែរ។ នាងបញ្ជាក់ដែរថា ប្រសិនបើគ្មានការប្រែប្រួលតារាចម្រៀងទាំង៤រូបនឹងវិលមកកម្ពុជាវិញក្រោយពិធីចូលឆ្នាំថ្មីប្រពៃណីជាតិចប់។
កញ្ញា ស៊ូដាណេរំពឹងថា ការចេញដំណើរទៅសម្តែងរបស់នាងនិងសិល្បករបីរូបផ្សេងទៀតនឹងទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីជាក់ជាមិនខាន។តារាចម្រៀង និងជាអ្នករបាំពហុជំនាញរូបនេះបានបញ្ជាក់ថា ទោះជាយ៉ាងណានាងនឹងវិលទៅប្រទេសអូស្ត្រាលីជាថ្មីនៅក្នុងអំឡុងខែតុលាទៀត ដែលនាងនឹងត្រូវចំណាយពេលជាយូរខែដើម្បីបង្ហាត់បង្រៀនកូនខ្មែរកើតលើទឹកដីនៃប្រទេសអូស្ត្រាលីអំពីរបាំប្រជាប្រិយ និងរបាំព្រះរាជទ្រព្យផងដែរ៕