រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាន និងអង្គការសង្គមស៊ីវិលរួមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំវេទិកាពិភាក្សា ដើម្បីស្វែងរកការគាំទ្រ ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹង ហើយអ្វីដែលទទួលបានពីវេទិកានោះ គឺគ្រប់គ្នាសុទ្ធតែគាំទ្រឲ្យមានការអំពាវនាវដល់ស្ថាប័នសាមី ពន្លឿនច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា គ្រឿងស្រវឹងគឺជាគ្រោះថ្នាក់លំដាប់ទី៥ ដែលនាំឲ្យមានមនុស្សស្លាប់ប្រមាណ២.៥លាននាក់ ក្នុងមួយឆ្នាំ នៅទូទាំងពិភពលោក ហើយជំងឺចម្លែកៗ ប្រមាណ២០០មុខ ត្រូវបានគេរកឃើញថា ផ្តើមពីគ្រឿងស្រវឹង ។ លោកបន្តថា នៅកម្ពុជា គេបានពិនិត្យឃើញថា ជាងពាក់កណ្តាលនៃស្រទាប់យុវវ័យកំពុងសេពគ្រឿងស្រវឹង ក្នុងនោះក៏មានកុមារា កុមារី អាយុពី១៣ដល់១៧ឆ្នាំ ប្រមាណ១០% ក៏បានប្រើប្រាស់គ្រឿងស្រវឹងផងដែរ ។
លោក ជា ច័ន្ទបរិបូរណ៍ ក៏បានអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល ពាក់ព័ន្ធពិចារណាជួយដល់ប្រព័ន្ធផ្សព្វផ្សាយក៏ដូចពិធីករ ពិធីការីនី រួមមានការលើកទឹកចិត្ត ការបង្កើតកម្មវិធី ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ ដែលផ្តើមពីគ្រឿងស្រវឹង ។ លោកអះអាងថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយអំពីផលប៉ះពាល់ឬគ្រោះថ្នាក់ បណ្តាលមកពីសេពគ្រឿងស្រវឹង បើទោះបីជាបច្ចុប្បន្ននេះយើងនៅសង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅតែបន្តផ្សាព្វផ្សាយឬឃោសនាអំពីគ្រឿងស្រវឹងក៏ដោយចុះ ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា គ្រឿងស្រវឹងកំពុងវាយលុកយ៉ាងខ្លាំងក្នុងសង្គមកម្ពុជា សំខាន់ក្នុងស្រទាប់យុវវ័យ រួមទាំងកុមារាកុមារីផងដែរ ដែលពួកគេកំពុងស្ថិតក្នុង ភាពសប្បាយរីករាយដោយសារសេពគ្រឿងស្រវឹង ។ លោកបានបញ្ជាក់ថា គ្រឿងស្រវឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស រួមមាន ជំងឺ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងការខាតបង់ថវិកា ។ ដោយឡែកជំងឺដែលប៉ះពាល់ដោយគ្រឿងស្រវឹងសុទ្ធសឹងជាជំងឺកាចសាហាវដូចជា ជំងឺក្រិតថ្លើម ជំងឺបេះដូង ជំងឺសរសៃឈាម ជំងឺដំបៅក្រពះ ជំងឺមហារីក និងជំងឺប្រព័ន្ធសរសៃប្រសាទ ។
ផ្តើមពីផលប៉ះពាល់នៃគ្រឿងស្រវឹងដែលកំពុងស្ថិតក្នុងហានិភ័យប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ និងការខាតបង់ថវិកាយ៉ាងច្រើននោះ ស្ថាប័នដែលចូលរួមពិភាក្សាបានរួមគ្នាអំពាវនាវឲ្យស្ថាប័នសាម៉ីពន្លឿនច្បាប់ពីការគ្រប់គ្រងគ្រឿងស្រវឹង ដើម្បីឲ្យច្បាប់នេះចេញបានឆាប់និងយកទៅអនុវត្តន៍ ហើយបើទោះបីជាការអនុវត្តច្បាប់មិនបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែពួកគេជឿថា បន្ទាប់ពីមានច្បាប់ការសេពគ្រឿងស្រវឹងនឹងត្រូវកាត់បន្ថយ៕