លោក អ៊ុក ស៊ុយ ប្រកាសបង្កើតគណបក្សថ្មី បំបែកពីលោក ម៉ម សូណង់ដូរ
រាជធានីភ្នំពេញ៖អតីតសមាជិកជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ លោក អ៊ុក ស៊ុយ បានប្រកាសថា លោកបានដើរចេញពីគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូរ ហើយ ទៅបង្កើតគណបក្សថ្មី មួយទៀត។
លោក អ៊ុក ស៊ុយ បានឱ្យដឹងថា លោក នឹងធ្វើសន្និសីទកាសែតមួយ នៅម៉ោង២៖០០រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារអ៊ីមភើរៀល ដើម្បីបញ្ជាក់ពីមូលហេតុទាំងអស់ ដែលក្នុងនោះ មានមូលហេតុដែលលោកចាកចេញពី គណបក្សសង្គ្រោះជាតិផង មូលហេតុដែលលោកចាកចេញ ពីគណបក្សសំបុកឃ្មុំផង និងមូលហេតុដែលលោក បង្កើតគណបក្សថ្មី មួយទៀតផង។
អ្នកវិភាគនយោបាយលើកឡើងថា អ្នកនយោបាយមិនគួរផ្លាស់ប្តូរទ្រនំញឹកញ៉ាប់ពេក នោះទេ ព្រោះថា ការដើរចេញពីទ្រនំទី១ អាចបញ្ជាក់ថា ទ្រនំចាស់មិនល្អ ប៉ុន្តែការដើរចេញពីទ្រនំទី២ អាចមានន័យផ្ទុយពីនេះ៕