លោក សម រង្ស៊ី ចេញមុខ​ការពារ​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សម រង្ស៊ី បានធ្វើការ រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​អង្គភាព​ប្រឆាំង អំពើពុករលួយ (ACU) ដោយ​ស្តីបន្ទោស​ខ្លាំងៗ ថា ធ្វើការ​ងារ​មិន​ស្គាល់ ពី​តួនាទី​របស់ខ្លួន​។​
​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ Facebook របស់ខ្លួន​ថា អ្វី​ទៅជា​អំពើពុករលួយ ដែល​អង្គភាព​នេះ ត្រូវ​ប្រឆាំង​? អំពើពុករលួយ គឺជា​ទង្វើ របស់​អ្នកមានអំណាច ដែល​កេងប្រវ័ញ្ច និង​លួច​ផលចំណេញ ពី​ការលក់ដូរ ឬ​ការប្រើប្រាស់ ទ្រព្យសម្បត្តិ​ជាតិ ទ្រព្យសម្បត្តិ​រាស្ត្រ និង​ទ្រព្យសម្បត្តិ​រដ្ឋ ជាពិសេស តាមរយៈ ការគ្រប់គ្រង​ថវិកាជាតិ ដែល​បានមកពី ញើស​ឈាម ប្រជារាស្ត្រ​ទាំងមូល​។ លោក សម រង្ស៊ី បានសរសេរថា មានតែ​មន្ត្រី​គណបក្ស កាន់អំណាច (CPP) ទេ ដែល​អាច​ប្រព្រឹត្ត ទង្វើ​បែបនេះ​បាន ពីព្រោះ​វា​ជាការ ប្រើ​អំណាច របស់​រដ្ឋ​ដោយ​ខុសច្បាប់ ដើម្បី​បំផ្លិចបំផ្លាញ ផលប្រយោជន៍ សាធារណៈ​។ មន្ត្រី​គណបក្សប្រឆាំង (CNRP) មិនមាន​អំណាច​អ្វី ជា​តំណាង​រដ្ឋ ឬ តំណាង​រដ្ឋាភិបាល ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ ដូច​មានចែង​ខាងលើនេះ​ទេ​។ ជន​ណា​ដែល មិនមាន​អំណាច​ក្នុង​ដៃ យកទៅ​ប្រើប្រាស់​ក្នុងនាម​រដ្ឋ ឬ​រដ្ឋាភិបាល មិនអាច​ត្រូវ​នរណា​ចោទថា ជា​អ្នកប្រព្រឹត្ត អំពើពុករលួយ ដែល​អង្គភាព​ប្រឆាំង អំពើពុករលួយ ត្រូវ​តាមដាន និង​ស៊ើបអង្កេត​នោះទេ​។​
​លោក សម រង្ស៊ី បាន​បន្តថា “​រឿង​ដែល​គេ​កំពុងតែ និយាយ​សព្វថ្ងៃ គឺជា​រឿង​ឯកជន​ទេ ពីព្រោះ​វា​គ្មាន ប៉ះពាល់​ដល់ ផលប្រយោជន៍​ជាតិ ឬ​ផលប្រយោជន៍​សាធារណៈ អ្វី​ទាល់តែសោះ​។ ធនធាន និង​លុយកាក់ ដែល​ឯកជន គេ​ចាយវាយ ហើយ​ដែល​មិនបាន មកពី​ការកេងប្រវ័ញ្ច ឬ​លួច​កិបកេង ទ្រព្យសម្បត្តិ​ជាតិទ្រព្យសម្បត្តិ​រាស្ត្រ និង​ទ្រព្យសម្បត្តិ​រដ្ឋ គឺជា​រឿង​ឯកជន​សុទ្ធសាធ ដែល​អង្គភាព​ប្រឆាំង អំពើពុករលួយ មិនត្រូវ​រវីរវល់​ទេ​”​។​
​លោក​បន្ថែមថា រឿង​ដែល​អង្គភាព​នេះ ត្រូវ​រវីរវល់ មាន​ច្រើនណាស់ ដូចជា ការ​ប្លន់​ដី​ប្រជារាស្ត្រ យកទៅ​ប្រគល់​ឲ្យ ក្រុមហ៊ុន​ឯកជន ដែល​ផ្តល់​សំណូក​សូកប៉ាន់​, ការកាប់បំផ្លាញ​ព្រៃឈើ ដើម្បី​នាំ​ឈើ ទៅ​លក់​ក្រៅប្រទេស ដោយ​លួចលាក់​, ការធ្វើ​អាជីវកម្ម បំផ្លាញ​បរិស្ថាន ដូច​ជាការ​វាយកម្ទេច​ភ្នំ និង​ការ​បូម​ខ្សាច់​, ការយក​ទ្រព្យសម្បត្តិ​រដ្ឋ ដូចជា​អគារ​សាធារណៈ ទៅ​លក់ ដើម្បី​ប្រមូល​លុយ ដាក់ចូល​ហោប៉ៅ​បុគ្គល ឬ​បក្ខពួក​, ការ​កិបកេង​ថវិការដ្ឋ យកទៅ​ចាយវាយ ដើម្បី​គ្រាន់តែ​បម្រើ ផលប្រយោជន៍​បុគ្គល ឬ​បក្ខពួក​, ការផ្តល់​កិច្ចសន្យា​ជាមួយ​រដ្ឋ ឲ្យ​ទៅ​តែ​បក្ខពួក​របស់ខ្លួន ដែល​ជាការ​បំប៉ោង ចំណាយ​របស់​រដ្ឋ​, ការស៊ីសំណូក​សូកប៉ាន់ ពី​ថៅកែ​រោងចក្រ ដើម្បី​ឲ្យ​ថៅកែ គាបសង្កត់​កម្មករ​, ការបែងចែក​ឡូត៍​នេសាទ តាមតែ​សំណូក​សូកប៉ាន់​។​ល​។​
​កត់សម្គាល់ថា ការលើកឡើង​របស់លោក សម រង្ស៊ី បានបង្ហាញ​នូវ​ការ ការពារ​លោក កឹម សុខា ដែល​កំពុង​ជាប់ផុង​នឹង​រឿងអាស្រូវ​ផ្លូវភេទ៕

90