មានការ​ឃុបឃិត​រាន​ព្រៃ​ឈូសឆាយ​យក​ដី​សហគមន៍​យក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2016 ក+ ក-

ខេត្តក្រចេះ​៖​តំបន់​អភិរក្ស​បឹង​កូន​សត្វ​និង​ព្រៃ​លិច​ទឹក ដែល​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៣ ពី​ស្ពាន​ព្រែក​ឆ្លូង​រហូតមកដល់​ស្ពាន​ព្រែកជីក​ដែលជា​កន្លែង​ជំ​រកត្រី​គ្រប់​ប្រភេទ ហើយក៏​ជា​តំបន់​ទាក់ទាញ​ភ្នែក​ទេសចរ​ជាតិ និង​អន្តរជាតិ​នោះ​ឥឡូវនេះ​ត្រូវបាន​ជនខិលខូច​ឃុបឃិត​គ្នា​រុករាន គាស់​កាយ និង​កាប់​ទន្ទ្រាន រួមទាំង​ឈូសឆាយ​ខ្ទេច​គ្មាន​សល់​ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ តំបន់​នោះ​គឺ​ស្ថិតនៅក្នុង បឹង​ព្រែ បឹង​ផ្តៅ បឹង​ស្រែ​អាង និង​បឹង​បាក់ផ្តៅ​បឹង​កូន​សត្វ ស្ថិតនៅក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ និង​ឃុំ​កញ្ជរ ខេត្តក្រចេះ​។​
​តាម​ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា មេខ្លោង​ដែល​កាប់បំផ្លាញ​ព្រៃឈើ​យក​ដី​ខាងលើ​មានឈ្មោះ ឃុ​ត ម៉េង អនុប្រធាន​សហគមន៍ ដែល​បាន​ឈូសឆាយ និង​ជិ​ក​ប៊ៀ​រ បាត​បឹង​កូន​សត្វ បាត​បឹង​ស្រែ​អាង និង​បាត​បឹង​ដទៃ រួម​បក្សពួក​មួយចំនួនទៀត​។ ចំណែក​ប៊ៀ​រ​ដែល​ពួកគាត់​បាន​ជីក​ប្រហែល ពី​៤០​ទៅ​៥០​ប៊ៀ​រ ដើម្បី​យក​ត្រី ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ប្រជាពលរដ្ឋ​បញ្ជាក់ថា កាលពី​ដើមខែ ឧសភា ឆ្នាំ​២០១៥ មេឃុំ​ព្រែក​សា​ម៉ាន់ ងួន សេង បាន​ស្តារ​ព្រែក​ឈ្នៃ ហើយ​មិន​បានធ្វើ​ទ្វារ​ទឹក​បណ្តាលឱយ​ហូរ​ទឹក​អស់ពី​បឹង​កូន​សត្វ​ស្ងួត​ដាច់​ពូជ​ត្រី និង​ធ្វើឱយ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ដាក់​ស្រែប្រាំង ឥឡូវ​ស្រាប់តែ​បើកដៃ​ឱយ​សហគមន៍​និង​បក្សពួក​មួយចំនួន​ជីក​ប៊ៀ​របាត​បឹង​ទៀត ។​
​បើតាម​សំដី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បឹង​កូន​សត្វ​តាំងពី​ដូនតា មក​ពុំដែល​រីងស្ងួត​ទេ ប្រជាពលរដ្ឋ​គ្រប់​ឃុំ​មករក​ត្រី​នៅក្នុង​បឹង​នេះ​ទាំងអស់​ឥឡូវនេះ​ពួកគាត់​ត្រូវ​ជួប​ការលំបាក​ហើយ ព្រោះ​ជនខិលខូច​ជីក​ប៊ៀ​របាត​បឹង​យក​ជា​កម្មសិទ្ធិ​របស់ខ្លួន​អស់​ទៅហើយ​។​
​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មេត្តាជួយ​ធ្វើ​អន្តរាគមន៍​ផង ពុំ​ដូច្នោះ​ទេ​បឹង​ធម្មជាតិ និង​លិច​ទឹក​តាម​ដងផ្លូវ​លេខ ៧៣ (​ឆ្លូង​ក្រចេះ​) នឹង​ទៅជា​កម្មសិទ្ធិ​របស់​ជន​ខិលខូច​អស់ហើយ​៕

b956038c-2e93-4d89-ac1a-133a5ed1cdc70f243167-8170-4458-be6c-2056822b7f0c96179a3d-c017-4665-82ad-077e020d8194