រាជធានីភ្នំពេញ៖នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក ក្នុងនោះយប់២លើកបណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ រងរបួសធ្ងន់ ៣នាក់ (ស្រី១នាក់ ) និងរបួសស្រាល ២នាក់ (ប្រុស)។ នេះយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពដដែលបន្តថា ក្នុងគ្រោះថ្នាក់ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១០គ្រឿង រួមមាន ម៉ូតូចំនួន ៥គ្រឿង, រថយន្តធុនតូច ៤គ្រឿង ,រថយន្តធុនធំ ១គ្រឿង ។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍មកពីបើកបរ ល្មើសល្បឿន៤លើក (ស្លាប់៥នាក់), ស្រវឹង១លើក, ងងុយដេក១លើកស្លាប់១នាក់។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ (យប់២នាក់)។ គ្រោះថ្នាក់លើដងផ្លូវរួមមានផ្លូវជាតិចំនួន៦លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តធុនតូច ៤លើក, រថយន្តធុនធំ ១លើក។
ជាមួយគ្នានោះលទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺមានយានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៧,០៩៦គ្រឿង ក្នុងនោះបានធ្វើការ អប់រំចំនួន ២,៩៨២គ្រឿង ពិន័យសរុប ៤,១១៤គ្រឿង និងអប់រំអ្នក មិនពាក់មួកសុវត្ថិភាព ០នាក់៕