ដោយលោក សុត្ថារ៉ូ
កណ្តាល៖ យ៉ាងហោចណាស់មានមនុស្សចំនួន៦នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈរយន្តលុច្សស៊ីស១គ្រឿងជិះគ្នា៩នាក់បានធ្លាក់ចូលទន្លេនៅស្រុកស្អាង ខេត្តកណ្តាល ក្រោយពេលត្រឡប់មកពីសែនឆេងម៉េង ដោយសារអ្នកបើកបរស្រវឹង។
ប្រភពព៍ត៌មានបានរាយការណ៍ថា មនុស្ស៦នាក់ ក្នុងចំណោម៩នាក់ បានស្លាប់នៅក្នុងរថយន្ត ដោយឡែកអ្នកបើកបរ និងម្នាក់ទៀត រួចផុតពីគ្រោះថ្នាក់ដោយសារលោតចេញពីរថយន្តទាន់ពេលវេលា។ពួកគេ ជាអ្នករស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ន្រភពបន្តថា នៅពេលកើតហេតុ គេឃើញរថយន្តលុច្សស៊ីសមួយគ្រឿងស៊េរី RX-300 ពណ៌ស ពាក់ស្លាកលេខ 2F-9169នោះ បានបើកចុះទូកចម្លងប៉ុន្តែអាស្រ័យដោយអ្នកបើកបរច្រឡំជាន់ហ្គែរស្មានថាជាហ្វ្រាំងទើបបណ្តាលឲ្យរថយន្តស្ទុះជ្រុលធ្លាក់ទឹកតែម្តង។
ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នៅចណុចកំពង់ចម្លងស្វាយប្រទាល-ព្រែកខ្សេវ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានដកស្រង់សំដីអ្នករងគ្រោះថា មុនពេលកើតហេតុ ពួកគាត់ទាំងអស់គ្នា បានធ្វើដំណើរមកពីឆេងម៉េង។ អ្នកបើកបរ បានស្រវឹងជោកជាំ សាច់ញាតិ បានអង្វរមិនឲ្យបើក តែគេមិនព្រម និងថែមទាំងសាច់ញាតិរកវាយថែមទៀត តែដោយសារភាពរឹងទទឹងទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ ក្នុងនោះបានបណ្តាលឲ្យសាច់ញាតិ៦ នាក់ស្លាប់ និង៣ នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់ក្នុងហេតុការណ៍ដ៏អាក្រក់នេះ៕រូបថត CEN