មេបក្ស​ប្រឆាំង​ចាត់ទុក​កម្ពុជា​ទៅនឹង​ប្រទេស ប៉ូឡូញ មុន​ឆ្នាំ​១៩៩០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សម រង្ស៊ី បានចាត់ទុក​កម្ពុជា សព្វថ្ងៃ​ដូចនឹង​របប​ការដឹកនាំ នៃ​ប្រទេស​ប៉ូឡូញ មុន​និង​អំឡុង​១៩៩០ ។ ប្រធាន​គណបក្សប្រឆាំង បានលើកឡើង​ក្នុង Face book ថា ហេតុអ្វី​បានជា​រដ្ឋាភិបាល ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បង្ក្រាប​កម្មករ និង​សហជីព តាមរយៈ​អំពើហិង្សា​មកលើ​កម្មករ​ផង និង​តាមរយៈ​ច្បាប់​គាប សង្កត់ សហជីព​ផង​? ឯកឧត្តម បាន​បញ្ជាក់ថា “​ដោយសារតែ​ក្រុម​អ្នក​កាន់ អំណាច​សព្វថ្ងៃ ភ័យខ្លាច​ចលនា​កម្មករ ដែល​ទាមទារ​សេរីភាព និង​យុត្តិធម៌ មក​ផ្តួលរំលំ​អំណាច​ផ្តាច់ការ របស់​ពួកគេ ដូច​ចលនា​កម្មករ និង​សហជីព​សេរី បាន​ផ្តួលរំលំ​របប​កុម្មុយនីស្ត​ផ្តាច់ការ នៅ​ប្រទេស​ប៉ូឡូញ (Pologne/Poland) កាលពី​ឆ្នាំ ១៩៩០”​។​
​លោក​លើកឡើងថា ក្នុង​ចន្លោះ​ឆ្នាំ ១៩៨០ ដល់​១៩៩០ ចលនា​កម្មករ និង​សហជីព​ឯករាជ្យ ពី​បក្ស​កុម្មុយនីស្ត​ឈ្មោះ Solidarność (​មានន័យថា សាមគ្គីភាព​) ដឹកនាំ​ដោយ​លោក Lech Wałęsa បាន​ជម្រុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ ដោយ​សន្តិវិធី នៅ​ប្រទេស​ប៉ូឡូញ ដែលជា​ប្រទេស​កុម្មុយនីស្ត រណប​សហភាពសូវៀត នៅពេលនោះ​។ ប្រទេស​ប៉ូឡូញ ជា​ប្រទេស​មុនគេ​បង្អស់ ក្នុងចំណោម​ប្រទេស​កុ​ម្មុនី​ស្ត នៅ​ទ្វីបអឺរ៉ុប​ខាងកើត ដែល​បាន​រើបម្រះ​ពីរ​បប​កុម្មុយនីស្ត ហើយ​បានទាមទារ​ឯករាជ្យភាព ប្រកបដោយ​ជោគជ័យ ពី​សហភាពសូវៀត​។​
​មេបក្ស​ប្រឆាំង​សង្កត់ធ្ងន់ថា នៅ​ទីបញ្ចប់ របប​កុម្មុយនីស្ត​បាន​ដួលរលំ នៅ​ទូទាំង ទ្វីបអឺរ៉ុប ព្រមទាំង​នៅ​សហភាពសូវៀត​ផងដែរ ក្នុង​ឆ្នាំ ១៩៩១​។ ដូច្នេះ គេ​ឃើញថា​ចលនា​កម្មករ និង​សហជីព​សេរី ជា​កម្លាំង​នាំមុខ ដែល​អាចមាន​ឥទ្ធិពល​ខ្លាំងណាស់ ក្នុងការ​នាំមក​នូវ លទ្ធិ​ប្រជា ធិបតេយ្យ សេរីភាព និង​យុត្តិធម៌​សង្គម នៅក្នុង​ប្រទេស ដែល​ធ្លាប់តែ​គ្រប់គ្រង ដោយ​អំណាច កុម្មុយនីស្ត​ផ្តាច់ការ​។ លោក Lech Wałęsa បានទទួល​ជ័យលាភី ពានរង្វាន់​ណូបែល​សន្តិភាព (Nobel Peace Prize) ក្នុង​ឆ្នាំ​១៩៨៣ ពេលដែល​កំពុងតែ​ប្រយុទ្ធ ដោយ​សន្តិវិធី ហើយ​លោក​បាន​ជាប់ឆ្នោត ជា​ប្រធានាធិបតី​ថ្មី នៃ​ប្រទេស​ប៉ូឡូញ ក្នុង​ឆ្នាំ ១៩៩០៕

37967cb7962b9d4138b4ba105f2a58f4