ដោយ៖ស សាម
ខេត្តរតនគីរីៈមន្ត្រីនគរបាលខេត្តរតនគីរីជើងខ្លាំងម្នាក់ និងបក្ខពួក បានព្រួតគ្នាវាយអ្នក សារព័ត៌មានម្នាក់ក្រោយពេលទូរស័ព្ទហៅឱ្យលុយជាថ្នូរនឹងការជួយបិទបាំងករណីរថយន្ត១គ្រឿងដឹកឈើល្មើសច្បាប់ តែអ្នកសារព័ត៌មានរូបនោះមិនព្រមទទួលសំណូក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៖៥០នាទីថ្ងៃ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ ភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុងប ខេត្តរតនគីរី។
តាមការឱ្យដឹងពីលោក ភួង ផុន អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខងារភ្នាក់ងារយកព័ត៌មានបានបញ្ជាក់ថា មុនពេលកើតហេតុប្រមាណជាកន្លះម៉ោង ឈ្មោះ ដុះវណ្ណ សុវឌ្ឍនៈ ហៅ ណាក់ ជាមន្ត្រីនគបាលប្រឆាំងគ្រឿងញៀន នៅស្នងការខេត្តរតនគីរី បានទូរស័ព្ទមកថា អោយប្រាក់ចំនួន៥០ដុល្លារ ជាថ្នូរនឹងករណី រថយន្តបាឡែនពណ៌ខ្មៅមួយគ្រឿងដឹកឈើខុសច្បាប់ តែលោកមិនទទួលនោះទេ។លោកបន្តថា បន្តិចក្រោយមកឈ្មោះ ដុះវណ្ណ សុវឌ្ឍនៈ ហៅ ណាក់ និងឈ្មោះ ផេត សំណាង អាយុ ៣៤ ឆ្នាំ បានបើករថយន្តម៉ាកលុចស៊ីស ព័ណ៌ខ្មៅ គ្មានស្លាកលេខបត់កាត់មុខទទឹងផ្លូវ បម្រុងកៀររថយន្តរបស់លោកទម្លាក់ពីលើថ្នល់ តែសំណាងល្អរថយន្តលោកបើកបរ មានល្បឿនយឺតៗ។
ប្រភពព័ត៌មានបានឲ្យដឹងថា បើទោះបីជាពុំមានគ្រោះថ្នាក់ក៏ដោយ ក៏ប៉ុន្តែឈ្មោះ ផេត សំណាង បានចុះពីលើរថយន្តមកក្របួច.ក អាវអ្នកសារព័ត៌មាន ហើយឈ្មោះ ដុះវណ្ណ សុវឌ្ឍនៈ ហៅ ណាក់ ជាអ្នកទះកំផ្លៀង ។
លោកឧត្តមសេនីយ៍ នួន គឿន ស្នងការនគរបាលខេត្តរតនគីរីបានទទួលស្គាល់ថា បុរសឈ្មោះ ដុស វ៉ាន់វឌ្ឍនៈ ពិតជានគរបាលនៅស្នងការដ្ឋាននគរបាលខេត្តរតនគីរីប្រាកដមែន។
លោកបញ្ជាក់ថា លោកពុំទាន់ដឹងច្បាស់អំពីករណីនេះនៅឡើយទេ ព្រោះនៅថ្ងៃកើតហេតុ លោកជាប់មានធុរៈទទួលប្រតិភូប្រទេសវៀតណាម។យ៉ាងណាក៏ដោយ លោកលើកឡើងថា លោកនឹងពិនិត្យលើរឿងនេះ។
ពាក់ព័ន្ឋបញ្ហានេះ ពុំទាន់អាចសុំការអត្ថាធិប្បាយ ពីនាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ឋ អគ្គស្នង ការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាល ជាតិបាននៅឡើយទេ ហើយនាយឧត្តមសេនីយ៍ ខៀវ សុភ័គ្គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏ពុំ ទាន់សុំការអត្ថាធិប្បាយបាននៅឡើយដែរ។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ឋិ មនុស្សអាដហុកប្រចាំខេត្តរតនគីរីបានថ្លែងថា ក្នុងករណីមានការគំរាមកំហែង ឫប្រើហិង្សាណា មួយលើអ្នកសារព័ត៌មាន ដែលចុះយកព័ត៌មាន តាមទីសាធារណៈ គឺជាអំពីខុសច្បាប់។
លោកលើកឡើងថា ក្នុងករណីចង់បំភ្លឺពាក់ព័ន្ឋ ការចុះផ្សាយណាមួយ ភាគីម្ខាងទៀតត្រូវប្រាប់ អង្គភាព សារព័ត៌មានដើម្បីចុះផ្សាយឡើងវិញ ហើយគេពុំគួរគំរាម ឫប្រើហិង្សាលើកអ្នកយក ព័ត៌មាននោះទេ។
លោកបញ្ជាក់ថា នឹងធ្វើការតាមដានលើ ករណីនេះ ព្រោះវាជាអំពើរំលោភសិទ្ឋិមនុស្ស និងរំលោភសិទ្ឋិរបស់អ្នកសារព័ត៌មាន។
មន្ត្រីប៉ូលីសដែលព្រួតគ្នាវ៉ៃអ្នកកាសែតលោក ដុះវណ្ណ សុវឌ្ឍនៈ ហៅ ណាក់ មិនអាចទាក់ទងដ់ម្បីសុំការឆ្លើយតបបានទេ កាលពីរសៀលម្សិលមិញនេះ ។
បច្ចុប្បន្នអ្នកសារព័ត៌មានលោក ភួង ផុន កំពុងរៀបចំពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការលើករណីនេះ៕