អ្នកនាំពាក្យ​រដ្ឋសភា​ចា​ត់​ទុក​ការចាប់ខ្លួន​លោក អ៊ុំ សំអាន ជា “​បទល្មើស​ជាក់ស្តែង​”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 April, 2016 ក+ ក-

ដោយ៖ ខេមរិន្ទ

ភ្នំពេញ៖​អ្នកនាំពាក្យ​រដ្ឋសភា​ចា​ត់​ទុក​ការ ចាប់ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ជា​ករណី​ដូចគ្នា​នឹង​ករណី​អតីត​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ ដោយ​លោក​ចាត់ទុកថា​នេះ​ជា​”​បទល្មើស​ជាក់ស្តែង ” ។​

លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន​ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​រំលងអធ្រាត្រ​ថ្ងៃអាទិត្យ ក្នុង​ខេត្តសៀមរាប​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រឿង​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​។ លោក​បាន​ចាក​ចេញពី​ប្រទេស​អស់​រយៈពេល​ជាង​៧​ខែ ហើយ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា ការចាប់ខ្លួន​តំណាងរាស្ត្រ​បាន​លុះត្រា​តែមាន​បទល្មើស​ជាក់ស្តែង​។ លោក​បាន​ប្រៀបធៀប​ករណី​លោក អ៊ុំ សំអាន ទៅនឹង​ករណី​លោក ហុង សុខ​ហួរ ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រឿង​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ទាក់ទង​នឹង​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម​។ លោក​បញ្ជាក់ថា​៖ “​អាហ្នឹង​វា​មាន​បទល្មើស​ជាក់ស្តែង ដូច​លោក ហុង សុខ​ហួរ អញ្ចឹង ” ។ លោក​បន្ថែមថា អ្វីៗ​អាស្រ័យ​លើ​តុលាការ​។​

អ្នកនាំពាក្យ​រង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Woods Courtney បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​នៅក្រោយពេល​លោក អ៊ុំ សំអាន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ថា ក្រសួង​ការ​បរ​ទស​អាមេរិក​មាន​កាតព្វកិច្ច ផ្តល់ជំនួយ​ដល់​ប្រជាពលរដ្ឋ​សញ្ជាតិ​អាមេរិក​នៅក្រៅ​ប្រទេស​យ៉ាង​យកចិត្តទុកដាក់​។ លោក​មានប្រសាសន៍ថា​៖ “​យើង​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ពន្យល់​ពី​ការចោទប្រកាន់​ប្រឆាំង​លោក អ៊ុំ សំអាន​។ ក្រសួងការបរទេស​អា​មេ​រិ​កមាន​តួនាទី​ជួយ​ដល់​ប្រជាពលរដ្ឋ​សញ្ជាតិ​អាមេរិក នៅក្រៅ​ប្រទេស​យ៉ាង​យកចិត្តទុកដាក់​។ យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការផ្តល់សេវា​ផ្នែក​កុងស៊ុល​គ្រប់​កាលៈទេសៈ​”​។​

​គួរបញ្ជាក់​ផងដែរ​ថា កន្លងទៅ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​លោក វ៉ា គឹមហុង បាន​អះអាងថា លោក អ៊ុំ សំអាន បាន​ញុះញង់​ឲ្យ​មាន​អស្ថិរភាព​សង្គម និង​មិនអាច​អត់ឱន​បាន​នោះទេ​៕

fn-2016-04-11-07-56-21-2