ស្លាប់​៥២​នាក់​របួស​២៣៩​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល​៥​ថ្ងៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹងថា នៅ​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦​នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស បានសម្លាប់​មនុស្ស​៥២​នាក់ ថយចុះ​បើ​ធៀប​នឹង​រយៈពេល​៥​ថ្ងៃ​ដូចគ្នា កាលពី​ឆ្នាំ​២០១៥ ខណៈ​អ្នករងរបួស ចំនួន​២៣៩​នាក់ ថយចុះ​ដូចគ្នា ប្រៀបធៀប​ឆ្នាំ​២០១៥ ។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​ថ្ងៃនោះ បាន​កើតឡើង​ចំនួន​១១៣​លើក ចំនួន​នេះ​មានការ​ថយចុះ​បើ​ធៀប​នឹង​ឆ្នាំមុន ដោយ​ឆ្នាំមុន​មាន​រហូតដល់​១៥៨​លើក ពោលគឺ​កើនឡើង​២៨​ភាគរយ ។ ដោយឡែក​ចំពោះ​មូលហេតុ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន បើកបរ​ក្នុង​ល្បឿន​លឿន ស្រវឹង ប្រជែង មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ ងងុយដេក កត្តា​យានយន្ត​ជាដើម​។​
​ចំណែក​ខេត្ត​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ គឺ​ខេត្តព្រៃវែង​៩​លើក​ស្លាប់​៨​នាក់ ខេត្តតាកែវ​៧​លើក​ស្លាប់​៨​នាក់ ខេត្តកណ្តាល​៧​លើក​ស្លាប់​៦​នាក់ ខេត្តកំពង់ចាម ៨​លើក​ស្លាប់​៤​នាក់ ខេត្តក្រចេះ​៥​លើក​ស្លាប់​៤​នាក់ ខេត្តកំពង់ឆ្នាំង​៤​លើក​ស្លាប់​៣​នាក់ ខេត្តកំពង់ស្ពឺ​៧​លើក​ស្លាប់​៣​នាក់ ខេត្ត​ត្បូងឃ្មុំ​៣​លើក​ស្លាប់​៣​នាក់ និង​ខេត្ត​មួយចំនួនទៀត ។ ជាមួយគ្នានេះ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦​នេះ អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​៥​នាក់ ខណៈ​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​៣២​នាក់​៕

13007098_517701608417781_3441795713681453250_n12993431_1589156951398670_3455225319811440421_n