អាជ្ញាធរ​វៀតណាម​ផ្អាក​ការប្រគំ​តន្ត្រី​នៅ​កម្ពុជា​ក្រោម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តាម​គម្រោង​ការប្រគំ​តន្ត្រី និង​លក់​សំបុត្រ​នៅ​ខេត្ត​ព្រះ​ត្រពាំង​(​កម្ពុជា​ក្រោម​)​ដែល​ចូលរួម​ដោយ​តារា​ល្បីៗ​រួមមាន​លោក ព្រាប សុវត្ថិ អ្នកនាង​ម៉េង កែវពេជ្ជតា និង​តារា​មានឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​នោះ​គឺមាន​រយៈពេល​២​យប់​(​ថ្ងៃ​ទ​១៣ និង​១៤​ខែមេសា​)​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ដោយ​ការប្រគំ​តន្ត្រី​នោះ ប្រព្រឹត្តទៅបាន​តែមួយ​យប់​ប៉ុណ្ណោះ ក៏ត្រូវ​អាជ្ញាធរ​វៀតណាម​កំណត់​ឲ្យ​រើ​បង្វិច​មក​ស្រុកកំណើត​វិញ​។
តាម​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​មូលហេតុ​ដែល​នាំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ផ្អាក​ការប្រគំ​តន្ត្រី​នោះ​ក៏​ព្រោះតែ​ពុំមាន​ការសុំ​វ​ឲ​ច្បាប់​អ​និ​ញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​។ ប៉ុន្តែ​ប្រភព​ផ្សេងទៀត​បាន​អះអាង​ផ្ទុយ​ពីនេះ​។​
យ៉ាងណាក៏ដោយ​មកទល់​ពេលនេះ​គេ​បានដឹង​គ្រប់គ្នា​ថា​ការប្រគំ​តន្ត្រី​នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​ចូលរួម​ដោយ​លោក ព្រាប សុវត្ថិ អ្នកនាង ម៉េង កែវពេច្ជតា លោក​វង្ស តារា​រតនា ម្ចាស់​បទ​«​ស៊ូ​ឃ្លាត​» លោក វី ជី​វ័​ន្ត និង​តារា​ល្បីឈ្មោះ​មួយចំនួនទៀត​ទទួលបាន​ជោគជ័យ​យ៉ាង​សម្បើម​។
យោងតាម​ការប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​និង​ការផ្ដល់​សម្ភាសន៍​របស់​លោក​ព្រាប សុវត្ថិ ការប្រគំ​តន្ត្រី​នោះ​នឹងធ្វើ​រយៈពេល​២​ថ្ងៃ​យប់ គឺ​យប់​ថ្ងៃ​១៤ និង​ថ្ងៃទី​១៥ មេសា ត្រូវ​នឹង​ថ្ងៃ​ចូលឆ្នាំ​តែម្ដង នៅ​ខេត្ត​ត្រា​វិញ អតីត​ខេត្ត​ខ្មែរ​ឈ្មោះ​ព្រះ​ត្រពាំង​នៅ​កម្ពុជា​ក្រោម​ប្រទេស​វៀតណាម​។ ប៉ុន្តែ​ការសម្ដែង​របស់លោក​ព្រាប សុវត្ថិ​និង​តារា​សិល្បៈ​ទាំងអស់​ដែល​ខំ​ត្រៀមខ្លួន​សម្រាប់​២​យប់នោះ ដំណើរការ​តែមួយ​យប់​ដំបូង​ប៉ុណ្ណោះ លុះដល់​យប់​ទី​២​ក៏ត្រូវ​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​បន្ត​។
ទាក់ទង​ករណី​ខាងលើនេះ​លោក វង្ស តារា​រតនា តារាចម្រៀង​ប្រចាំ​We Production របស់​ហង្ស​មាស​បាន​ឆ្លើយ​យ៉ាងខ្លី​ថា​៖ “​សុំទោស​រឿង​ហ្នឹង​(​រឿង​គេ​បិទ​មិន​ឲ្យ​សម្ដែង​) ខ្ញុំ​អត់​ទាន់​ចង់​និយាយ​ទេ ចាំ​ពេល​ក្រោយ​ចុះ​ណា​!”​។ ចំណែក លោក ព្រាប សុវត្ថិ នៅពេល​អ្នកសារព័ត៌មាន​សួរ​បញ្ជាក់ថា​ហេតុអ្វី​បាន​យប់​ថ្ងៃទី​១៥ មេសា អាជ្ញាធរ​វៀតណាម​ចុះមក​បិទ​ការប្រគំ​តន្ត្រី​លក់​សំបុត្រ​មិន​ឲ្យ​សម្ដែង​? លោក​បញ្ជាក់​យ៉ាងខ្លី​ថា​៖ “​សុំទោស​ឥឡូវ​ហ្នឹង​បងអត់​អាច​និយាយ​រឿង​ហ្នឹង​បានទេ ចាំ​ពេល​ក្រោយ​ចុះ​ណា​”​។​
ដោយឡែក​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ ដែល​ទទួលដំណឹង​នៃ​ការផ្អាក​នេះ​មានប្រសាសន៍ថា​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​យប់​ទី​២​នោះ ត្រូវបាន​អាជ្ញាធរ​វៀតណាម​អះអាងថា​មិនមាន​ច្បាប់ ទើប​នាំ​ឲ្យ​មាន​ការចុះ​បិទ​ចោល​កណ្ដាល​ទី​ដូច្នេះ​ដោយ​លោក​បញ្ជាក់ថា មកទល់ពេលនេះ ខ្ញុំ​បានដឹង​ត្រឹមតែ​ថា​ខាង​វៀតណាម គេ​ថា​អ្នករៀបចំ​ប្រគំ​តន្ត្រី​អត់​សុំច្បាប់ ទើប​គេ​ចុះមក​បិទ​មិន​ឲ្យ​ធ្វើ​នៅ​យប់​ថ្ងៃទី​១៥ មេសា​។ ប៉ុន្តែ​ខ្ញុំ​អត់​ជឿ​ព្រោះ​បើ អ្នករៀបចំ​កម្មវិធី​អត់​សុំច្បាប់​គេ​មិនអាច​ធ្វើ​បដា​ប្រកាសថា​រៀបចំ​២​ថ្ងៃ​និង​និយាយ​ជាមួយ​តួ​ថា​ធ្វើ​២​ថ្ងៃ​អញ្ចឹង​កើត​ទេ ព្រោះ​នៅ​វៀតណាម គឺ​ខ្មែរ​យើង​ធ្វើ​អី​ក៏​ត្រូវតែ​សុំច្បាប់​ដែរ​បាន​ហ៊ាន​ធ្វើ ខ្ញុំ​ថា​រឿង​អត់​ច្បាប់​ហ្នឹង​ដូចជា​មិនសូវ​សម​ទេ ប៉ុន្តែ​វា​អាចមាន​បញ្ហា​ផ្សេងទៀត​។
​គួរបញ្ជាក់​ផងដែរ​ថា តារា​ដែលមាន​ឈ្មោះ​ទៅ​សម្ដែង បាន​បង្ហោះ​វីដេអូ​បង្ហាញថា​ពួកគេ​ធ្វើដំណើរ​តាម​រថយន្ត​តាម​ច្រក​ភ្នំ​ដិ​ន​និង​បាន​សម្ដែង​យ៉ាង​ជោគជ័យ​នៅ​យប់​ថ្ងៃទី​១៤​ខែមេសា ព្រោះ​សាធារណជន​បាន​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​៕

edf25fb2-6ae0-4872-8d60-f1c6dbd8e32a