ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ជំ​រកត្រី​ពង​កូនជាង​១០​ថ្ងៃ​ហើយ​មិនទាន់​រលត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2016 ក+ ក-

​ខេត្តកំពង់ឆ្នាំង​៖​ព្រៃរនាម​ជា​ដែន​ជម្រក​ត្រី​ពង​កូន​នៅក្នុង​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបាន​ភ្លើង​ឆេះ​ចាប់តាំងពី​ថ្ងៃទី​៧​មេសា​រហូតដល់​ថ្ងៃទី​១៧​មេសា​ភ្លើង​នៅតែ​បន្ត​ឆាបឆេះ​ខ្លាំង​ឡើងៗ បើទោះបី​អជ្ញាធរ​ស្រុក​និង​ខេត្ត​នៅ​ថ្ងៃទី​១៦​មេសា​បានសម្រេច​ចិត្ត​យក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​ចំនួន​២​គ្រឿង​មក​ទុក​ត្រៀម​ការពារ​បាញ់​ពន្លត់ភ្លើង​ដែល​កំពង់​ឆេះ​រាលដាល​សំដៅ​មក​ផ្សារ​ចល័ត​មាត់ទន្លេ​ឃុំ​ឆ្នុកទ្រូ​នៅឡើយ​។​
​គួរ​បញ្ជាក់ថា មកដល់​ថ្ងៃទី​១៧​មេសា​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​របស់​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង នៅ​ត្រៀម​ការពារ​តូប​ក្នុង​ផ្សា​នៅឡើយ​ពីព្រោះ​ភ្លើង​នៅ​ល្ងាច​ថ្ងៃទី​១៧​នេះ​នៅតែ​បន្ត​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​ខាងកើត​ផ្សា​នៅឡើយ​។​ភ្លើង​ឆេះ​ព្រៃ​អស់​រយះពេល​១០​ថ្ងៃ​មកនេះ​គេ​សង្កេតឃើញ​អជ្ញាធរ ឃុំ ស្រុក​ជាច្រើន​នាក់មក​តាមដាន​សភាព​ការ​ភ្លើង​ឆេះ​ព្រៃ​ខាងលើនេះ​ទាំងយប់​ទាំង​ថ្ងៃ​ខ្លាចក្រែង​មាន​អគ្គីភ័យ​ចូល​ឆេះ​តូប​ក្នុង​ផ្សារ​ដោយ​យ​ក្ថា​ហេតុ​។​
​លោក​អនុ​សេនីយ៍​សេង ឌី​នាយប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ឆ្នុកទ្រូ​សន្និដ្ឋានថា​៖​អគ្គីភ័យ​នេះ​បណ្ដា​មកពី​មនុស្ស​លួច​ដុត​ដែលមាន​ភ្លើង​ឆេះ ចំនួន​៣​ភូមិ ទី​១​ភូមិ​សេះ​ស្លាប់ ទី​២​ភូមិ​កំពង់ព្រះ ទី​៣​ឆ្នុកទ្រូ ករណី​អគ្គីភ័យ​(​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​)​គិត​ត្រឹម​ថ្ងៃទី​៧ មេសា​ដល់​ថ្ងៃទី​១៧​មេសា​២០១៦​នេះ​ភ្លើង​ឆេះ​អស់​ជាង​៣០០​ហិច​តា​ហើយ​។​
​លោក​អនុ​សេនីយ៍​សេង ឌី​បានបញ្ជាក់​បន្ថែមថា​៖​ផ្សារ​ចល័ត​មាត់ទន្លេ​ឆ្នុកទ្រូ​មាន​តូប​នៅជាប់​និង​ព្រៃ​ដូច្នេះហើយ​បាន​លោក​អភិបាលស្រុក​បរិបូណ៌​បានស្នើ​សុំ​ទៅ​លោក​អភិបាល​កំពង់ឆ្នាំង ទុក​រថយន្ត​ពន្លត់អគ្គីភ័យ​២​គ្រឿង​ចាំ​ជួយ​បាញ់​ទឹក​ការពារ​តូប​ដែល​នៅ​ជិត​ព្រៃ លោក​រួមទាំង​អជ្ញាធរ​ឃុំ​ស្រុក​បានធ្វើ​ការអំពាវនាវ​ដល់​ម្ចាស់​តូប​ទាំងអស់់​ត្រូវ​ត្រៀម​ទឹក​និង​មិនអាច​ទៅ​ទីណា​ឆ្ងាយ​ពី​តូប​របស់ខ្លួន​ត្រៀម​បើ​មាន​ភ្លើង​ឆេះ​មកដល់ ។​
​ចំណែក លោក ហេង មនោ មេឃុំ​ផាត់​សណ្តាយ បាន​ប្រាប់​ឲ្យ​ដឹងថា ដោយសារ​ក្តៅ​ខ្លាំងពេក បានធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ដែល​យើង​មិនអាច​សន្និដ្ឋាន​មកពី​មូលហេតុ​អី​ពិត​ប្រាក​នោះទេ ហើយ​នៅថ្ងៃនេះ ភ្លើង​ឆេះ​៣​កន្លែង​ហើយ ប៉ុន្តែ​បាន​ពន្លត់​២​កន្លែង នៅសល់​មួយកន្លែង​ទៀត កំពុង​គំរាមកំហែង​ផ្ទះ​ប្រជាពលរដ្ឋ​។​
​លោក​មេឃុំ បាន​បញ្ជាក់ថា សម្រាប់​ហេតុការណ៍​នេះ ប្រជាជន​នៅក្នុង​ភូមិ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ និង​អាវុធហត្ថ ជាង​១០០​នាក់ នាំគ្នា​ជួយ​បាញ់​ពន្លត់​ដោយ​ម៉ាស៊ីនបូមទឹក​តូចៗ ពីព្រោះ​នៅ​តំបន់​នោះ គឺ​មិនអាច​ឲ្យ​រថយន្ត​ចូល​ទៅដល់​បានទេ​។ បើតាម​លោក​មេឃុំ ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ បាននាំគ្នា​បាញ់​ទឹក​ស្កាត់​ហើយ តែបើ​ផ្ទះ​ណា​ត្រូវ​ភ្លើង​គំរាមកំហែង​ខ្លាំង​នោះ គឺ​កម្លាំង​យើង​នឹង​នាំគ្នា ទៅ​ជួយ​។ សម្រាប់​លោក​មេឃុំ ក៏​មិនទាន់​ហ៊ាន​សន្និដ្ឋានថា អាច​បាញ់​ពន្លត់ ឫ​យ៉ាងណា​នោះទេ បើ​ភ្លើង​ឆេះ​ខ្លាំង​យ៉ាងនេះ ហើយ​ឡានទឹក​ក៏​មិនអាច​ចូលទៅ​បាន​ទៀត ដែល​រហូតមកដល់​យ​ប់​នេះ ផ្ទះមួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ហើយ​។​
​លោក ហេង មនោ បាន​អំពាវនាវ និង​សុំ​ជំនួយ​ពី​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ បើសិន​ភ្លើង​មិនត្រូវ​បាន​បាញ់​ពន្លត់​នោះ​៕

413221322