រាជធានីភ្នំពេញ៖ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ចាន់សាយ៉ា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា ក្រសួងសម្រេចមិនឲ្យបញ្ចាំងភាពយន្តរឿង « ខ្ញុំ ឈុតវុទ្ធី » សកម្មជន បរិស្ថាន នោះទេ ។ លោកបញ្ជាក់ថា ការហាមដូច្នេះគឺ ដោយសារក្រុមការងារបញ្ចាំងមិនបានសុំការអនុញ្ញាតពីក្រសួងនិងមួយវិញទៀត ដោយសារការថតរឿងនេះក៏មិនបានសុំការអនុញ្ញាតពីក្រសួងផងដែរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍(Meta House) គ្រោងនឹងបញ្ចាំងវីដេអូឯកសារមួយស្តីពីជីវិតរបស់លោក ឈុត វុទ្ធី អតីតសកម្មជនការពារធនធានធម្មជាតិ ដែលត្រូវបាញ់សម្លាប់កាលពីឆ្នាំ២០១២។ តាមគម្រោង វីដេអូឯកសារនេះនឹងត្រូវដាក់បញ្ចាំងឲ្យសាធារណជនទស្សនានៅថ្ងៃទី២០ ខែមេសាចាប់ពីម៉ោង៧ដល់ម៉ោង៨យប់។
លោកស្រី ហ្វ្រាន ឡាំប្រីកស៍ ដែលជាអ្នកផលិតខ្សែភាពយន្តនេះបានប្រតិកម្មតបថា នេះមិនមែនជាលើកដំបូងដែលក្រសួងបានហាមបញ្ចាំងខ្សែភាពយន្តនៅមជ្ឈមណ្ឌលមេត្តាហោស៍ ។ លោកស្រីចាត់ទុកថានេះជារឿងគឺគួរឲ្យអស់សំណើច ។
គួរម្លឹកថា លោក ឈុត វុទ្ធី ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងស្រុកមណ្ឌលសីមា នៅពេលដែលរូបលោកនិងអ្នកកាសែត The Cambodia Daily ពីរនាក់ចូលទៅថតគំនរឈើ នៅក្រុមហ៊ុន Timber Green ។ ក្នុងហេតុការណ៍នោះ មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏ត្រូវភាគីទី៣បាញ់សម្លាប់បន្តទៀត ។ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតុលាការខេត្តកោះកុង សម្រេចតម្កល់ទុកមិនចាត់ការ ដោយតុលាការសំអាងថាឃាតកដែលសម្លាប់លោក ឈុត វុទ្ធី គឺឈ្មោះ អ៊ិន រតនា ត្រូវបានសម្លាប់បាត់ទៅហើយ ហើយតុលាការមិនអាចបន្តនិតិវិធីបានឡើយ៕