ភ្នំពេញ៖បន្ទាប់ពីបញ្ចប់ការសាកសួរលើកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ អស់រយៈពេលពេញមួយព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយអង្គភាព Fresh News នៅរសៀលថ្ងៃដដែល ដោយរៀបរាប់ពីចម្លើយសារភាពរបស់កញ្ញា ស្រីមុំ ពាក់ព័ន្ធខ្សែអាត់សម្លេងរវាងនាង និងលោក កឹម សុខា ដែលបានបែកធ្លាយ តាមបណ្តាញសង្គម Facebook មានឈ្មោះ រឿងពិត CNRP ។
លោក សៀង សុខ បានរៀបរាប់ពីចម្លើយសារភាពរបស់កញ្ញា ស្រីមុំ ដូចខាងក្រោម៖ កញ្ញា ស្រីមុំ បានទទួលស្គាល់សម្លេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ គឺជាសម្លេងយ៉ាង ពិតប្រាកដរវាងរូបនាងនិយាយជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
កញ្ញា ស្រីមុំ បានរៀបរាប់ប្រាប់លោក សៀង សុខ ទៀតថា នៅក្នុងពេលមានទំនាក់ទំនងជាមួយគ្នានោះ នាងបានទៅលេងទីក្រុងបាងកក ជាមួយលោក កឹម សុខា ចំនួន២ដង ដោយលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥, លោក កឹម សុខា លោមលួងឲ្យលុយចំនួន៣០០០ដុល្លារ និងសន្យារកទិញផ្ទះមួយនៅកន្លែងស្ងាត់ងាយស្រួលចេញចូល។ ពេលទៅដល់ទីក្រុងបាងកកនោះ លោក តុប វ៉ាន់ចាន់ ដែលជាអ្នកជូននាងទៅតាមបញ្ជារបស់លោក កឹម សុខា បាននាំនាងទៅស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ (មិនចាំលេខបន្ទប់) ហើយត្រឡប់មកភ្នំពេញវិញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។
ដោយឡែកពេលទៅទីក្រុងបាងកក ជាមួយលោក កឹម សុខា លើកទី២ គឺចាប់ពីថ្ងៃទី០១ ទី០២ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កញ្ញា ស្រីមុំ បានបញ្ជាក់អះអាងថា នាងបានចេញទៅជាមួយឈ្មោះ ពិន រតនា ដោយមានការប្រាប់ពីលោក កឹម សុខា ឲ្យនាងទំនាក់ទំនងជាមួយគាត់ពេលទៅដល់ប្រទេសថៃ។ នាងបានស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ ជាមួយបន្ទប់លោក កឹម សុខា ដោយលោក កឹម សុខា បានរង់ចាំនាងនៅក្នុងបន្ទប់មុន។
លោក សៀង សុខ បានបញ្ជាក់ទៀតថា៖ កញ្ញា ស្រីមុំ បាននិយាយថា ពេលដើរលេងនៅទីក្រុងបាងកកនោះ នាងទទួលបានលុយ៣០០ដុល្លារប៉ុណ្ណោះ ពីលោក កឹម សុខា ដើម្បីដើរទិញអីវ៉ាន់ផ្សេងៗ។ លុះដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ពួកគេទាំងពីរនាក់ បានត្រឡប់មកកម្ពុជាវិញ ដោយលោក កឹម សុខា បានសន្យានឹងបើកហាងសំអាងការមួយកន្លែងឲ្យនាង ប៉ុន្តែរហូតមកដល់ពេលនេះ នាងពុំទាន់បានទទួលពីលោក កឹម សុខា នៅឡើយនោះទេ។
ក្រៅពីការរៀបរាប់ខាងលើ កញ្ញា ស្រីមុំ បានអះអាងទៀតថា ក្រោយពេលបែកធ្លាយ ខ្សែអាត់សម្លេងរវាងនាង និងលោក កឹម សុខា នោះ, លោក កឹម សុខា បានប្រាប់នាងជាញឹកញ៉ាប់ឲ្យនិយាយកុហកប្រាប់គេ ទាំងសារព័ត៌មាន និងមហាជនទូទៅថា រវាងនាង និងគាត់ (កឹម សុខា) គ្រាន់តែមានទំនាក់ទំនងគ្នាធម្មតាប៉ុណ្ណោះក្នុងនាមជាភ្ញៀវ និងជាងកក់សក់។
លោក សៀង សុខ បញ្ជាក់បន្ថែមថា៖ នៅក្នុងអំឡុងពេលសាកសួរ កញ្ញា ស្រីមុំ បានស្នើសុំឲ្យតំណាងអយ្យការ មេត្តាជួយរកយុត្តិធម៌ឲ្យរូបនាងតាមផ្លូវច្បាប់។ លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា លោកនឹងពិនិត្យមើលករណីនេះតាមនីតិវិធី។ ដោយឡែកកញ្ញាស្រីមុំ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
ឆ្លងតាមចម្លើយសារភាពយ៉ាងក្បោះក្បាយ និងចេញពីឆន្ទៈយ៉ាងពិតប្រាកដរបស់ កញ្ញា ស្រីមុំ ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយលោក កឹម សុខា ខាងលើនេះ មហាជនបានចោទជាសំណួរទៅអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តើអស់ចិត្តឬនៅ ចំពោះបញ្ហារឿងអាស្រូវនេះ? មហាជនមួយចំនួនធំបានសម្តែងការ អស់ចិត្ត និងខកចិត្តយ៉ាងខ្លាំងចំពោះទង្វើដ៏គួរឲ្យស្អប់ខ្ពើម និងល្បិចកិច្ចកលរបស់លោក កឹម សុខា ដែលបានទទួលប្រាក់កាស ពីបងប្អូនអ្នកគាំទ្រទាំងនៅក្នុង និងក្រៅប្រទេស យកទៅឲ្យស្រីស្នេហ៍ និងដើរលេងហ៉ឺហារយ៉ាងសប្បាយ។
ជាមួយគ្នានេះ មហាជនបានចោទជាសំណួរទៅកាន់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលបានព្យាយាមចង់ជម្លៀស កញ្ញា ស្រីមុំ ទៅក្រៅប្រទស ក្នុងគោលបំណងបិទបាំងរឿងអាស្រូវលោក កឹម សុខា។ កន្លងមកអង្គការក្រៅរដ្ឋាភិបាលទាំងនេះ តែងតែព្យាយាមទាមទារឲ្យរកមុខ អ្នកថតសម្លេងខ្សែអាត់រវាងកញ្ញាស្រីមុំ និងលោក កឹម សុខា ប៉ុន្តែតាមការសារភាពរបស់ស្រីមុំ គឺបានបង្ហាញយ៉ាងគ្រប់គ្រាន់ និងច្បាស់ក្រឡែត ពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងអ្នកទាំងពីរ។ ដូច្នេះតើអង្គការក្រៅរដ្ឋាភិបាលទាំងនេះអស់ចិត្ត ឬនៅ ចំពោះបញ្ហាខ្សែអាត់សម្លេងបែកធ្លាយនេះ?
នៅពេលនេះ តើមានអង្គការក្រៅរដ្ឋាភិបាល ឬអ្នកណាផ្សេងទៀត ដែលចង់ជួយជ្រោមជ្រែងរកមេធាវីឲ្យស្រីមុំ ឬក៏ចង់រកមេធាវីឲ្យ កញ្ញា ស្រីមុំ ប្តឹងបកទៅលោក កឹម សុខា វិញដែរឬយ៉ាងណា ព្រោះស្រីមុំត្រូវការរកយុត្តិធម៌សម្រាប់រូបនាង៕( ប្រភពះ Fresh News )