ខេត្តព្រះវិហារ៖តាមបណ្តាភូមិឃុំមួយចំនួនក្នុងស្រុកជាំក្សាន្តដែលជាស្រុកយុទ្ធសាស្ដ្រនៃតំបន់ព្រំដែនប្រាសាទព្រះវិហារកំពុងប្រឈមខ្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងឆ្នាំនេះសម្រាប់កងទ័ពក៏ដូចជាប្រជាពលរដ្ឋសរុបរាប់ពាន់គ្រួសារហើយពេលនេះអាជ្ញាធរមូលដ្ឋានកំពុងរកមធ្យោបាយជួយដោះស្រាយសំណើរសុំអណ្តូងទឹកពីសំណាក់ប្រជាពលរដ្ឋ។
លោកប្រាក់ភីមេឃុំស្រអែមបានអោយដឹងនៅថ្ងៃទី២០ ខែមេសានេះថាប្រជាពលរដ្ឋរស់នៅក្នុងឃុំស្រអែមរាប់រយគ្រួសារក្នុងចំណោមជាង១ពាន់គ្រួសារកំពុងខ្វះខាតអណ្តូងទឹកប្រើប្រាស់ដោយសាររដូវប្រាំងឆ្នាំនេះក្តៅខ្លាំងហើយការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋមានការកើនទ្បើងទ្វេដង។លោកមេឃុំបន្តថាអណ្តូងទឹកសរុបទាំងអស់ក្នុងឃុំស្រអែមមានចំនួនត្រឹមតែជាង៤រយអណ្តូងស្នប់តែប៉ុណ្ណោះនៅខ្វះប្រមាណ៥០អណ្តូងស្នប់ទៀតទើបសម្រាលការលំបាកបាន។
លោកមេឃុំបញ្ជាក់ថាអាជ្ញាធរបានដោះស្រាយធ្វើអណ្តូងស្នប់ជូនប្រជាពលរដ្ឋដែលស្នើសុំអោយជួយពួកគាត់បានចំនួន១២អណ្តូងរួចហើយ។ប្រជាពលរដ្ឋមួយចំនួនធំដែលគ្មានអណ្តូងទឹកប្រើប្រាស់បានសម្រុកនាំគ្នាប្រើគោយន្តកន្ត្រៃ និងរទេះទៅដឹកទឹកឆ្ងាយៗពីលំនៅដ្ឋានរបស់ពួកគាត់ដើម្បីយកមកប្រើប្រាស់។ ដំណាំបន្លែរួមផ្សំរបស់ប្រជាពលរដ្ឋក៏ត្រូវក្រៀមស្វិតស្ទើរអស់ថែមទៀតដោយសាររដូវប្រាំងឆ្នាំនេះអាកាសធាតុក្តៅខ្លាំងចម្លែកនិងគ្មានភ្លៀងកក់ខែ ប៉ុន្តែមិនមានងាប់សត្វគោក្របីមាន់ និងទានៅទ្បើយទេ។
លោកសាម៉ែនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកជាំក្សាន្តក៏បានថ្លែងអោយដឹងផងដែរថារដូវប្រាំងឆ្នាំនេះអាកាសធាតុក្តៅខ្លាំងជាងរដូវប្រាំងឆ្នាំ២០១៥ធ្វើអោយអង្គភាពរបស់លោកកំពុងខ្វះខាតទឹកប្រើប្រាស់។ តាមអូរ,ព្រែកនិងដងស្ទឹងដែលនៅជិតអង្គភាពសឹករងកំពុងរីងទឹកស្ទើរអស់។
លោកមេបញ្ជាការបន្តថាកំលាំងទាហានបានប្រើសំបកប៊ីដុងចំណុះ៣០លីត្រដើម្បីទៅដឹកទឹកតាមម៉ូតូពីបុស្បូវជាំតែចម្ងាយប្រមាណ១៥គីទ្បូមែត្រយកមកកាន់អង្គភាព។ ក្នុង១ថ្ងៃអង្គភាពសឹករងរបស់លោកត្រូវការទឹកប្រើប្រាស់ជាធម្មតាចំនួន២០កាន។ រីឯអាជ្ញាធរស្រុកជាំក្សាន្តសង្ស័យគ្មានលទ្ធភាពដោះស្រាយធ្វើអណ្តូងទឹកជូនប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួននោះទេ។
គួររំលឹកថាលោកជាគឹមសេងអភិបាលស្រុកជាំក្សាន្តបានពោលពាក្យថាគាត់មិនចង់អោយអ្នកកាសែតសួរនាំគាត់ច្រើនរាល់ថ្ងៃនោះទេ ព្រោះរំខានការងារដ៏មមាញឹកបស់គាត់៕