ភ្នំពេញ៖អតីតអគ្គនាយករងស្ថានីយ៍ទូរទស្សន៍បាយ័ន ទទួលបន្ទុកកម្មវិធីសិល្បៈម្នាក់គឺលោក ទិត ថាវរិទ្ធ ត្រូវបានដកហូតមុខតំណែងពីជំនួយការសម្តេចតេជោនាយករដ្ឋ មន្ត្រីហើយ បន្ទាប់ពីដកហូតមុខងារជាអគ្គនាយករងទូរទស្សន៍បាយ័នភ្លាមៗរួចមក ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៦១អនក្រ.តត ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ។
អតីតអគ្គនាយករងទូរទស្សន៍បាយ័នទទួល បន្ទុកកម្មវិធីសិល្បៈ ដែលគេស្គាល់ថា ជាទូរទស្សន៍គ្រប់គ្រងដោយកូនស្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបញ្ចប់ភារកិច្ចពីជំនួយការនាយករដ្ឋមន្ត្រីនោះ គឺលោក ទិត ថាវរិទ្ធ ។លោក ទិត ថាវរិទ្ធ ធ្លាប់ត្រូវបានតែងតាំងជាជំនួយការសម្តេចតេជោ មានឋានៈស្មើអគ្គនាយករង ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៩៤២អនក្រ.តត ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ខណៈអតីតអគ្គនាយករងទូរទស្សន៍បាយ័នរូបនេះបានដឹកនាំកម្មវិធីសិល្បៈ យ៉ាងសកម្ម បម្រើសកម្មភាពឲ្យរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ។
គេមិនអាចដឹងពីបញ្ហាពិតប្រាកដរបស់លោក ទិត ថាវរិទ្ធ ដែលធ្វើឲ្យមានការសម្រេចដកហូតមុខងារពីអគ្គនាយករងទូរទស្សន៍បាយ័ន និងរាជរដ្ឋាភិបាលសម្រេចបញ្ចប់ភារកិច្ចពីជំនួយការឲ្យនាយករដ្ឋមន្ត្រីបន្តទៀតនោះទេ៕