ដោយ៖ខេមរា
ភ្នំពេញ៖ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ នៅថ្ងៃទី២២ ខែមេសា កន្លងមកនេះ បានសម្រេចដាក់ពាក្យបណ្តឹងចោទប្រកាន់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដោយទាមទារសំណងជំងឺចិត្តចំនួន៣០ ម៉ឺនដុល្លារ។
កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលធ្លាប់ស្វែងរកសេវាផ្លូវច្បាប់ពីអង្គការសង្គមស៊ីវិលនានាដើម្បីប្រឆាំងនឹងការចោទប្រកាន់ថានាងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនោះ ពេលនេះកញ្ញាបានប្តូរចិត្តដោយប្តឹងទាមទារសំណងជំងឺចិត្តពីលោក កឹម សុខា ចំនួន ៣០ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ពេលកន្លងទៅធ្លាប់បានស្វែងរកមេធាវីនៅសមាគមការពារសិទ្ធិមនុស្សអាដហុក ឲ្យជួយរកយុត្តិធម៌ដោយអះអាងថា នាងមិនធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយឯកឧត្តម កឹម សុខា ដូចការចោទប្រកាន់ពាក់ព័ន្ធនឹងខ្សែអាត់សំឡេងសន្ទនាដែលគេបង្ហោះតាមបណ្តាញហ្វេសប៊ុកនោះទេ។
កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានអះអាងក្នុងពាក្យបណ្តឹងចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដែលដាក់ទៅសាលាដំបូងរាជធានីភ្នំពេញថា ការប្តឹងទារសំណងជំងឺចិត្តនោះដោយសារនាងយល់ថា ក្នុងទំនាក់ទំនងជាមួយឯកឧត្តម កឹម សុខា ធ្វើឲ្យនាងខាតបង់ពេលវេលា បាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ ប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។
សូមជំរាបជូនថា នៅថ្ងៃទី២២ មេសា នេះដែរ សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលធ្លាប់ផ្តល់មេធាវីការពារក្តីឲ្យកញ្ញា ខុម ចាន់តាតាទី ហៅស្រី មុំ បានប្រកាសឈប់ផ្តល់មេធាវីសម្រាប់ជួយការពារក្តីឲ្យកញ្ញា ស្រីមុំ បន្តទៀតហើយ ។ការដកខ្លួនចេញលែងជួយការពារក្តីឲ្យកញ្ញា ស្រីមុំ របស់អង្គការសិទ្ធិមនុស្សអាដហុក ត្រូវគេមើលឃើញថា បន្ទាប់ពីកញ្ញា ស្រីមុំ បានឆ្លើយបំភ្លឺចំពោះមុខសភាស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដោយទទួលស្គាល់សំឡេងសន្ទនាក្នុងខ្សែអាត់ថា ពិតជាសំឡេងរបស់ខ្លួនរួចមក៕