ឃាត់ខ្លួន​មនុស្ស៤​នាក់​រឿង​បាញ់ និង​ដឹកជញ្ជូន​សាច់សត្វ​ទន្សោង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2016 ក+ ក-

​ខេត្តមណ្ឌលគិរី​៖​ឪពុក និង​កូន​៣​នាក់​រួម​នឹង​អ្នកភូមិ​ជនជាតិភាគតិច​ម្នាក់​ត្រូវបាន​ចាប់​បញ្ជូនទៅ​តុលាការខេត្ត​មណ្ឌលគិរី​រឿង​បាញ់សម្លាប់ និង​ដឹកជញ្ជូន​សាច់សត្វ​ទន្សោង​ទម្ងន់​ជាង​១០០​គីឡូក្រាម​មួយ​ក្បាល​កាលពី​ម្សិលមិញ​។​
​ប្រធាន​ព្រៃ​ការពារ មណ្ឌលគិរី លោក ឡុង ប៊ុង បាន​ឲ្យ​ដឹងថា កម្លាំង​ល្បាត​ព្រៃ​ការពារ​មណ្ឌលគិរី​បាន​ស្ទាក់​ចាប់បាន​អ្នកភូមិ​ជនជាតិភាគតិច​ព្នង​៤​នាក់​នៅពេលដែល​ពួកគេ​កំពុងតែ​ដឹក​សាច់សត្វ​ទន្សោង​ទម្ងន់ ១៤៥ គីឡូក្រាម​មួយ​ក្បាល​តាម​ម៉ូតូ​បី​គ្រឿងក្នុង​តំបន់​ព្រៃ​ការពារ​ស្ថិត​ក្នុងភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក​កាលពី​វេលា​ម៉ោងជាង​ពាក់​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍​។​
​លោក ប៊ុង បញ្ជាក់ថា​៖ កម្លាំង​ល្បាត​បាន​ចាប់​ពួកគេ​ពេល​កំពុង​ដឹក​សាច់សត្វ​ទន្សោង​ឈ្មោល​ច្រក​បាវ​ចេញពី​ព្រៃ​នៅពេល​យប់​។ យើង​ចោទប្រកាន់​ពួកគេ​ពាក់ព័ន្ធ​នឹង​ការសម្លាប់​សត្វ​ទន្សោង​មួយ​ក្បាល​ដែលជា​ប្រភេទ​មាន​ដោយ​កម្រ​ហើយ​បាន​បញ្ជូនទៅ​តុលាការ​ហើយ​។​
​មនុស្ស​ទាំង​បួន​នាក់​នោះ​រួមមាន​ឪពុក​ឈ្មោះ ធី​ន ក្រាក់ អាយុ ៥៨ ឆ្នាំ​កូនប្រុស​គាត់​ពីរ​នាក់​ឈ្មោះ ក្រាក់ សុ​ខាង អាយុ ២៧ ឆ្នាំ និង​ឈ្មោះ ក្រាក់ ឡេវ អាយុ ១៩ ឆ្នាំ​ហើយ​អ្នកភូមិ​ម្នាក់​ផ្សេងទៀត​ឈ្មោះ ញ៉​ន ម៉ៅ អាយុ ២៥ ឆ្នាំ​។​
​លោក ឡុង ប៊ុង បន្តថា ពួក​ជនសង្ស័យ​បាន​សារភាពថា​ពួកគេ​បានឃើញ​សត្វ​ទន្សោង​នោះ​ត្រូវរបួស​ហើយ​បាននាំគ្នា​ចាក់​សម្លាប់​នឹង​កាំបិត​ហើយ​បាន​ពន្លះសាច់​ដឹក​តាម​ម៉ូតូ​យកទៅ​ក្នុងភូមិ​ដើម្បី​ចែកគ្នា​បរិភោគ​។​ប៉ុន្តែ មិនមែន​យកទៅ​ធ្វើការ​ជួញដូរ​នោះទេ​។ លោ​កថា​បន្ទាប់ពី​រឹបអូស​សាច់សត្វ​ទន្សោង​នោះ​ត្រូវបាន​ដុត​កម្ទេចចោល​ដោយមាន​ការឯកភាព​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រីឯ​ក្បាល​របស់​វា​ត្រូវបាន​រក្សាទុក​នៅ​ហ្នឹង​ទីស្នាក់ការ​ព្រៃ​ការពារ​មណ្ឌលគិរី​។​
​កាលពី​ខែមីនា​កន្លងមក​សត្វ​ខ្ទីង​មួយ​ក្បាល​ក៏ត្រូវ​បាន​ក្រុម​ទាហាន ៤ នាក់ និង​អ្នកភូមិ​ម្នាក់​បាញ់សម្លាប់​យក​សាច់​នៅ​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ដដែល​នោះ​ផងដែរ​។​
​លោក ឡុង ប៊ុង បាន​ឲ្យ​ដឹងថា សំណុំរឿង​សត្វ​ខ្ទីង​នោះ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ​នៅពេលនេះ​ជនសង្ស័យ និង​សាក្សី​កំពុងតែ​ត្រូវបាន​ហៅ​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់​។​
​ករណី​ដាច់ដោយឡែក​មួយទៀត​ក​ម្លាំ​ង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​យុវជន​ពីរ​នាក់​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​ពួកគេ​បាន​វ៉ៃ​សម្លាប់សត្វ​ឈ្លូស​មួយ​ក្បាល​នៅក្នុង​តំបន់​អភិរក្ស​អង្គ​ខេត្តសៀមរាប​នៅ​ជិត​កំពែង​ខាងកើត​ប្រាសាទបាយ័ន​ក្នុងភូមិ​គោក​ដួង សង្កាត់​គោកចក ក្រុង​សៀមរាប​។​
​លោក ម៉ាន់ ឈឿន អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​សត្វ​ឈ្លូស​ញី និង​ឈ្មោល​ពីរ​ក្បាល​បាន​រត់​ចូលក្នុង​ភូមិ​ដើម្បី​រក​ទឹក​ផឹក​ហើយ​ត្រូវ​អ្នកភូមិ​ប្រទះឃើញ​ក៏​ដេញ​វ៉ៃ​ងាប់​ឈ្លូស​មេ​មួយ​ក្បាល​នោះ​។ រីឯ​ឈ្លូ​ល​ឈ្មោល​ត្រូវ​ក្រុម​អភិរក្ស​សង្គ្រោះ​ពី​អ្នកភូមិ​ទាន់ពេលវេលា​ហើយ​យកទៅ​លែង​ទៅក្នុង​ព្រៃ​ធម្មជាតិ​វិញ​។​
​លោក​បញ្ជាក់ថា​៖ «​រដូវ​នេះ​វា​ក្តៅ​ខ្លាំង​ហើយ​រីង​ទឹក​តាម​ថ្លុក​ត្រពាំង​អូរ​អស់​ទៅ​អ៊ីចឹង​ហើយ​វា​ចេញពី​ព្រៃ​មករក​ទឹក​ផឹក​។ វា​ក៏​ប៉ះ​នឹង​កូនក្មេង​នាំគ្នា​ដេញចាប់បាន​ទាំងពីរ​ក្បាល​ហើយ​វ៉ៃ​ងាប់​អស់​មួយ​ទៅ​។ សមត្ថកិច្ច​ឃើញ​ទាន់​ក៏​យកបាន​មួយ​មកវិញ​។ កុំ​អី​គេ​សម្លាប់​ទាំងពីរ​ហ្នឹងហើយ​»​។​
​ទោះបីយ៉ាងណា​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រាន់តែ​បានធ្វើ​ការអប់រំ​យុវជន​ទាំងពីរ​នាក់​នោះ​ហើយ​បាន​ដោះលែង​ទៅវិញ​បន្ទាប់ពី​ព្រម​បង់ប្រាក់​ផាកពិន័យ​មួយចំនួន​។​
​លោក​ថា យុវជន​ទាំងពីរ​នាក់​ដែលមាន​អាយុប្រមាណ ១៥ ឬ ១៦ ឆ្នាំ​នោះបាន​ចុះ​ចាប់​សត្វ​ឈ្លូស​នោះ​បន្ទាប់ពី​ត្រូវ​សត្វ​ឆ្កែ​ក្នុងភូមិ​ដេញ​សត្វ​នោះ​ធ្លាក់​ទឹកទន្លេ​។​
​បើតាម​ព័ត៌មាន​ចុងក្រោយ​កាលពី​ព្រលប់​ម្សិលមិញ​ជនជាប់ចោទ ៣ នាក់​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​លើកលែងតែ​ជនជាប់ចោទ​ឈ្មោះ ធី​ន ក្រាក់ ម្នាក់​ប៉ុណ្ណោះ​ត្រូវបាន​តុលាការ​ឲ្យ​ស្ថិត​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយសារតែ​គាត់​មាន​វ័យ​ចំណាស់​តែ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់ ១០ លាន​រៀល​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​លោក ឡុង ប៊ុង​៕

IMG-20160425-WA0035IMG-20160425-WA0032IMG-20160425-WA0033