មណ្ឌលគិរី៖មន្ត្រីយាមល្បាតនៅក្នុងតំបន់អភិរក្យសត្វព្រៃភ្នុំព្រេចបានឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ដែលចូលកាប់ឈើប្រណីតខុសច្បាប់នៅក្នុងតំបន់ព្រៃការពារដែនជម្រកសត្វព្រៃព្រេច ហើយការឃាត់ខ្លួននេះចាប់តាំងពីថ្ងៃទី២១ ខែមេសាឆ្នាំ២០១៦មកម្ល៉េះ។ ក្នុងប្រត្តិបត្តិការនេះ ដឹកនាំដោយ លោក ហាន សាខន មន្ត្រីនគរបាលយុត្តិធម៌ របស់ក្រសួងបរិស្ថាន ក្រោយមកទើបបញ្ជូនមកមន្ទីរ បរិស្ថានខេត្តមណ្ឌលគិរី កសាងសំណុំរឿង។
លោក ហាន សាខន មន្ត្រីនគរបាលយុត្តិធម៌ របស់ក្រសួងបរិស្ថានបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពបទល្មើសនៅក្នុងតំបន់ព្រៃការពារដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមាននិយាមការលេខ(0703934-1412597) នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សុទ្ធតែអ្នករស់នៅក្នុងភូមិរវៀង ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ក្នុងនោះទី១ឈ្មោះ ណែត ដុល ភេទប្រុស អាយុ៤០ឆ្នាំ ទី២ឈ្មោះ ងៀង គម ភេទប្រុស អាយុ ៤២ ឆ្នាំ ទី៣ឈ្មោះ វិច គ្រប់ ភេទប្រុស អាយុ២០ឆ្នាំ ទី៤ឈ្មោះ ថាន់ សួរ ភេទប្រុស អាយុ១៨ឆ្នាំ ទី៥ឈ្មោះ ដុល មករា ភេទប្រុស អាយុ១៨ឆ្នាំ ទី៦ឈ្មោះ ខេន ព្រិច ភេទប្រុស អាយុ២៤ឆ្នាំ ទី៧ឈ្មោះ ម៉ើល ឌឿន ភេទប្រុស អាយុ២៧ឆ្នាំ ទី៨ឈ្មោះ ឃិន ថាន់ ភេទប្រុស អាយុ៥១ឆ្នាំ ទី៩ឈ្មោះ ខេន ពានិច្ច ភេទប្រុស អាយុ១៧ឆ្នាំ ទី១០ឈ្មោះ ថែត កាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ទី១១ឈ្មោះ ឃាង ភិញ ភេទប្រុស អាយុ២០ឆ្នាំ និងទី១២ឈ្មោះ កឹង ឆែ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសុទ្ធតែកសិករដូចគ្នា ។
ចំណែកវត្ថុតាំងដែលឃាត់បានរួមមាន៖ គោយន្តកន្ត្រៃយ៍ចំនួន០៤គ្រឿង រណាយន្តចំនួន០៣គ្រឿង ពូថៅដៃចំនួន០៣គ្រឿង កាំបិតចំនួន០៣គ្រឿង ដែកត្បែងចំនួន០២ដើម ត្រសេសចំនួន០១ដើម ទូរស័ព្ទចំនួន០១គ្រឿង កៅឡាក់ចំនួន០៤ និងឈើប្រណិតប្រភេទឈើបេងចំនួន១៦ដុំ៕