ខេត្តស្វាយរៀង៖ក្រោយពីឆ្លងទន្លេ បានជាង២ម៉ោង ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធម ដោយសារ ហូរឈាមតាមទ្វារមាស រហូតក្សោះខ្លួន គាំងបេះដូង ក្នុងបន្ទប់វះកាត់ នៃមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ហើយករណីនេះ បុរសជាប្តី បានចោទប្រកាន់គ្រូពេទ្យថា មានការធ្វេសប្រហែស ទុកប្រពន្ធគាត់ ឲ្យហូរឈាមរហូតអស់ពីខ្លួន បណ្តាលឲ្យស្លាប់ នៅម៉ោង២ និង២០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ។
សូមជម្រាបថា ស្ត្រីរងគ្រោះឈ្មោះ សៀង សុភាព អាយុ៣៣ឆ្នាំ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានប្តីឈ្មោះ ញ៉ឹក រ៉ា អាយុ៣៥ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ស្ត្រីរងគ្រោះឆ្លងទន្លេកូនទី២ ហើយពេលគ្រប់ខែឆ្លងទន្លេ ប្តីក៏បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង នៅម៉ោង៧៖០០ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ រហូតដល់ម៉ោង១១ និង០០នាទី ព្រឹក ទើបសម្រាលបានកូន ស្រីម្នាក់ គ្រូពេទ្យបានសំអាត រួចរាល់នៅវេលាម៉ោង ១១ និង៣០នាទី។
ប៉ុន្តែនៅវេលាម៉ោង ១២៖០០នាទី ថ្ងៃត្រង់ ស្រាប់តែចុកក្នុងពោះខ្លាំង ហើយធ្លាក់ឈាម ប្អូនស្រីជនរងគ្រោះ ក៏បានរត់ទៅហៅគ្រូពេទ្យ ក៏ប៉ុន្តែមានតែអ្នកគ្រូពេទ្យ ម្នាក់ប៉ុណ្ណោះ ដោយប្រាប់ថា លោកវេជ្ជបណ្ឌិតទៅផ្ទះអស់ហើយ រហូតដល់ម៉ោង១៖០០នាទីរសៀល ទើបមានលោកគ្រូពេទ្យ មកដល់ ឲ្យយកចុះពីជាន់ទី១ ទៅសាលវះកាត់ នៅខាងក្រោម ហើយឲ្យសាច់ញាតិ យកឈាមមកដូរ រួចបញ្ចូលឈាមអស់២ផ្លោក ហើយ គ្រូពេទ្យ បានឲ្យប្តីរកឈាម២ផ្លោកទៀត ដោយឲ្យសាច់ញាតិ បរិច្ចាគឈាមយកមកប្តូរ រហូតដល់ម៉ោង២៖១០នាទី រសៀលគ្រូពេទ្យ បាន មកហៅប្តីទៅសាកសួរប្រវត្តិជម្ងឺ របស់ប្រពន្ធ ហើយគ្រូពេទ្យប្រាប់ថា ស្ត្រីរងគ្រោះមានជម្ងឺបេះដូង ពេលវះកាត់ហត់ដង្ហក់ខ្លាំង មិនអាចសង្គ្រោះបានទេ អស់លទ្ធភាពហើយ ខណដែលឈាម២ផ្លោកក្រោយមិនបានបញ្ចូលឲ្យជនរងគ្រោះទេ។
យ៉ាងណាក៏ដោយ ប្តីជនរងគ្រោះនិយាយថា ប្រពន្ធគាត់ មិនដែលមានជម្ងឺបេះដូងទេ បើមានជម្ងឺ គឺធ្លាប់មានជម្ងឺរលាកមាត់ស្បូន ។ ប្តីជនគ្រោះបានប្រាប់ថា នៅវេលា ម៉ោង ២៖២០នាទីរសៀល ស្ត្រីរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់ ក្នុងបន្ទប់វះកាត់តែម្តង ទើបបរុសជាប្តីចោទថា គ្រូពេទ្យមានការធ្វេស ប្រហែស ទុកឲ្យហូឈាមរហូតអស់ពីខ្លួន បណ្តាលឲ្យគាំងបេះដូងស្លាប់ ហើយពេលគាត់សួរថា តើពេលវះកាត់នោះ រកឃើញ មូលហេតុអ្វី បានបណ្តាល ឲ្យហូឈាមដូច្នេះ ប៉ុន្តែលោកគ្រូពេទ្យវះកាត់មិនប្រាប់ទេ ។ បុរសជាប្តី បានដាក់ពាក្យបណ្តឹង ទៅលោកមេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ឲ្យជួយរកយុត្តិធម៌ ឲ្យប្រពន្ធកូនរបស់គាត់ ។
តាមពិតករណីនេះ មិនមែនជាលើកទី១នោះឡើយ ហើយករណីអ្នកជំងឺស្លាប់ដោយការមិនយកចិត្តទុកដាក់របស់គ្រូពេទ្យនេះកើតមានជាបន្តបន្ទាប់ ហើយអ្វីដែលគេបានកត់សម្គាល់មន្ទីរពេទ្យស្វាយរៀង តែងតែរងការរិះគន់ពីសាធារណជនអំពីការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺ ហើយទុកឲ្យអ្នកជំងឺស្លាប់ដោយមិនសមហេតុផល ។
ប្រជាពលរដ្ឋអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល គួរពិចារណាករណីនេះឡើងវិញថា តើគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្វាយរៀងមានវិជ្ជាជីវៈនិងគុណធម៌ត្រឹមត្រូវដែរឬទេ ហើយបើគ្មានទាំងអស់នោះទេ គួរតែធ្វើការផ្លាស់ប្តូរចេញទៅ សំខាន់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងតែម្តង ៕