ពុល​ត្រី​កំពត​ស្លាប់​ទៀតហើយ​នៅ​ខេត្តកណ្តាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2016 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ហូប​ត្រី​កំពត​អស់​ចំនួន​៦​ក្បាល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ ម៉ោង​១៦ និង​០០​នាទី ចំណុច​ផ្ទះ​ជនរងគ្រោះ​ក្នុង​បរិវេណ​ឡឥដ្ឋ​ផា​ច លាង​ស្រេង ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ជនរងគ្រោះ​ឈ្មោះ ឈិន នាង ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​។​
​តាម​ប្រភពព័ត៌មាន​អោយដឹងថា នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​០៩ និង​០០​នាទី​ព្រឹក​ជនរងគ្រោះ និង​ប្រពន្ធ​ឈ្មោះ គិ​ប ច្រឹប បាននាំគ្នា​ទៅរក​ត្រី​នៅ​ចំណុច​បឹង​ព្រែក​អញ្ចាញ​រហូតដល់​ម៉ោង​១២ និង​០០​នាទី ត្រឡប់មក វិញ​បាន​ត្រី​បន្តិចបន្តួច ក្នុងនោះ​មាន​ត្រី​កំពត​ចំនួន​០៦​ក្បាល ពេលមកដល់​ផ្ទះ​ជន រងគ្រោះ​បាន​យក​កំពត​ទៅ​ដុត​ហូប​។ ប្រភព​បន្តថា ក្នុងពេលនោះ​ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រាប់ថា កុំ​ហូប​កំពត​អី ព្រោះ​កំពត​នេះ​ភ្នែក​ឡើង​ក្រហម​ប្រយ័ត្ន​ពុល តែ​ជនរងគ្រោះ​មិន​ស្ដាប់ ក៏​យក​កំពត​ទាំង​០៦​នោះ​ដុត​ហើយ​ហូប​ក្រោយពេល ហូប​រួច​ក៏​ទៅ​ដេក​នៅលើផ្ទះ​។
​ប្រភព​បន្តទៀតថា រហូតដល់​ម៉ោង​១៦ និង​០០​នាទី ជនរងគ្រោះ​បាន​ស្រែកហៅ​ប្រពន្ធ​ឲ្យ​ជួយ​លើកឡើង​បត់ជើង ហើយ​បាន​ប្រាប់​ប្រពន្ធ​ថា អញ​ឈឺ​ចុកចាប់ អស់​ពេញ​ទាំង​ខ្លួន អញ​ពុល​កំពត​ហើយ ពេលនោះ ប្រពន្ធ​ជនរងគ្រោះ​បាន​ហៅ​អ្នកជិតខាង​ឲ្យ​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ពេទ្យ​ព្រែក​អញ្ចាញ លុះដល់​ម៉ោង​១៨ និង​០០​នាទី​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ នៅក្នុង​មន្ទីរពេទ្យ​តែម្ដង​។ បន្ទាប់មក​ទើប​ក្រុមគ្រួសារ​នាំ​សព​មក​តម្កល់ទុក​នៅ​វត្ត​ព្រែក អញ្ចាញ​ដើម្បី​ធ្វើបុណ្យ​។​
​បើតាម​មន្ត្រី​ជំនាញ​ដែល​បាន​ចុះទៅពិនិត្យ​បាន​បញ្ជាក់ថា លើ​ខ្លួន​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​កត់សំគាល់ និង​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ ហើយ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13087658_2019616344930042_7030790356349769094_n