សុខភាព៖ការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវជនជាតិហុល្លង់ បានរកឃើញថា ផ្លែឈើ និងបន្លែដែលមានសាច់ខាងក្នុងពណ៌ស (ឧ. ផ្លែប៉ោម) អាចជួយបញ្ចុះកម្រិតហានីភ័យនៃការកើតជំងឺស្ដ្រូក (ដាច់សរសៃឈាមក្នុងខួរក្បាល) បាន។
ក្រុមអ្នកវិទ្យាសាស្ដ្រដែលមកពីសាកលវិទ្យាល័យ Wageningen នៅក្នុងប្រទេសហុល្លង់នេះ បានបញ្ជាក់ថា មិនត្រឹមតែបន្លែ ផ្លែឈើដែលមានពណ៌ធម្មជាតិប៉ុណ្ណោះទេ ដែលមានប្រយោជន៍ច្រើននោះ ប៉ុន្ដែផ្លែប៉ោម ឬផ្លែទាំងឡាយណាដែលមានសាច់ពណ៌សនោះ ក៏មានប្រសិទ្ធិភាពខ្ពស់ ក្នុងការទប់ស្កាប់ជំងឺស្ដ្រូកដ៏សាហាវបានផងដែរ។
នៅក្នុងការស្រាវជ្រាវនេះ លោក Oude Griep ដែលជាអ្នកដឹកនាំការស្រាវ និងសហការីរបស់លោក បានរកឃើញថា ការញ៉ាំផ្លែឈើដែលមានសាច់ខាងក្នុងពណ៌ ក្នុងបរិមាណច្រើន គឺអាចកាត់បន្ថយបានយ៉ាងច្រើននូវកម្រិតគ្រោះថ្នាក់នៃការកើតជំ ងឺស្ដ្រូក ជាជាងបន្លែ និងផ្លែឈើដទៃទៀត។
សម្រាប់ការស្រាវជ្រាវនេះដែរ ក្រុមអ្នកស្រាវជ្រាវទាំងអស់នេះ បានធ្វើការសិក្សាទៅលើមនុស្សពេញវ័យចំនួន ២០០៦៩នាក់ ដែលមានជាមធ្យម ៤១ឆ្នាំ។ ក្រោយពីរយៈពេល១០ឆ្នាំ នៃការស្រាវជ្រាវនេះ លទ្ធផលបានបង្ហាញថា ក្នុងចំណោមអ្នកចូលរួមទាំងអស់ មាន២៣៣នាក់ កើតជំងឺស្ដ្រូក។ ក្នុងចំណោមផ្លែឈើ និងបន្លែគ្រប់ពណ៌ មានតែពណ៌សប៉ុណ្ណោះ ដែលបានបង្ហាញពីប្រសិទ្ធិភាពនៃការកាត់បន្ថយជំងឺនេះបាន៕