ប្រយ័ត្ន​ទឹកខ្មេះ​សញ្ញា​សត្វ​ទន្សាយ​ដែល​នាំចូល​ពី​ថៃ​មាន​ជាតិ​អាស៊ីត​ខ្ពស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

​បន្ទាយមានជ័យ​៖​កាលពីដើម​សប្តាហ៍​មុននេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល នៅ​ស្រុក​ម៉ាឡៃ បាន​ចុះ​ដកហូត និង​ហាមប្រាម បងប្អូន​អាជីវករ ក៏ដូចជា​ប្រជាពលរដ្ឋ​ឲ្យ​ឈប់ ចរាចរណ៍​ដាក់លក់ ឈប់​ប្រើប្រាស់ និង​ប្រុង ប្រយ័ត្ន ចំពោះ​ផលិតផល​ខូចគុណភាព​ដែល ឈ្មួញ​ខិលខូច​លួច​ផលិត និង​នាំចូល​មកពី​ថៃ ដូចជា​ទឹកខ្មេះ​សញ្ញា​សត្វ​ទន្សាយ​នេះ​ជាដើម​។​
​ប្រជាពលរដ្ឋ​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ លើកឡើងថា ទឹកខ្មេះ​រូប​ទន្សាយ​ត្រូវបាន​ចុងភៅ និង​ស្ត្រី​មេផ្ទះ​ជាច្រើន ប្រើប្រាស់​លាយ​ផ្សំ​ធ្វើ​ម្ហូបអាហារ ឱ្យ​ភ្ញៀវ​បរិភោគ​ស្ទើរ គ្រប់​ពិធីមង្គលការ​នៅក្នុង​ស្រុក​ម៉ាឡៃ និង​ប្រើប្រាស់​តាម​បណ្ដា ហាង​លក់​បាយ​គុយទាវ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួនធំ​ផងដែរ ដោយ​ពលរដ្ឋ​ខ្វះ​ការយល់ដឹង​។​
​បញ្ហា​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ទឹកខ្មេះ​រូប ទន្សាយ​នេះ នៅក្រោយពេល​ជំនាញ​កាំកុងត្រូល នៃ​សាខា​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ ចុង​សប្ដាហ៍​កន្លងទៅនេះ បាន​ចុះទៅ​ត្រួតពិនិត្យ​សុវត្ថិភាព ចំណីអាហារ​នៅ​ស្រុក​ម៉ាឡៃ ដោយបាន​រកឃើញ និង​ដកហូត​ទឹកខ្មេះ​រូប​ទន្សាយ ខុសច្បាប់​ពី​អាជីវករ នៅ​ស្រុក​ម៉ាឡៃ​មួយចំនួនធំ រួម​និង​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​មួយចំនួនទៀត​ផងដែរ​។​
​មន្ត្រី​ជំនាញ​កាំកុងត្រូល​ក៏បាន​ធ្វើការ​ពន្យល់ ពី​ផលប៉ះពាល់​សុខភាព និង​ណែនាំ​ដល់​ពលរដ្ឋ​និង​អាជីវករ បញ្ឈប់​ការតាំង​លក់​និង​ប្រើប្រាស់​ទឹកខ្មេះ​រូប​ទន្សាយ​នោះ​តទៅទៀត ព្រោះ​វា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព និង​អាច​ប៉ះពាល់​អាយុជីវិត​ទៀតផង​។​
​មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រាប់​ឱ្យដឹងថា វា​មិនមែន​ទឹកខ្មេះ​នោះទេ គឺជា​ទឹក​អាស៊ីត​ដែលមាន​ផលប៉ះពាល់​ខ្លាំង​ទៅលើ​ក្រពះ​ពោះវៀន ថ្លើម ប្រ​ម៉ាត់ និង​ឈានដល់​កើត​ជម្ងឺ​មហា​រី​ទៀតផង នៅពេលដែល​យើង​ទិញយក​ទៅប្រើ​ប្រាស់​សម្រាប់​លាយ​ជាមួយ​ទឹកត្រី​ជ្រលក់​កោះកុង ទឹក​ម្ជូ​ផ្សេងៗ​សម្រាប់​ធ្វើជា​អាហារ​នោះ​។
​ទឹកខ្មេះ​រូប​ទន្សាយ​ត្រូវបាន​ឈ្មួញ​ខិលខូច លួច​នាំចូល​ពី​ប្រទេស​ថៃ​ឆ្លងកាត់​តាម​ច្រក​តំបន់ និង​ច្រករបៀង​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដោយ​លក់​ចែកចាយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ជាទូទៅ​ក្នុង​១​ដប​តម្លៃ​១៥០០​រៀល​។​
​គួរ​ជម្រាប​ថា​នៅ​ប្រទេស​ថៃ ទឹក​អាស៊ីត​សញ្ញា​សត្វ​ទន្សាយ​នេះ គេ​យកទៅ​ប្រើប្រាស់​ក្នុង​សិប្បកម្ម​បោកគក់ ហូល​ផាមួង សម្លៀកបំពាក់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​មិនបាន​ដឹង​ពី​បញ្ហា​នេះ ព្រោះ​នៅលើ​សំបក​ដប​គ្មាន​ប្រកាស​ណែនាំ​ពី​ការប្រើប្រាស់​ឡើយ ទើប​នាំគ្នា​ជឿ​តាម​ឈ្មួញ​ខិលខូច ហើយ​ចេះតែ​ទិញ​ទឹកខ្មេះ​ខាងលើនេះ​យកទៅ​ប្រើប្រាស់​សម្រាប់​ផ្សំ​ធ្វើ​ម្ហូបអាហារ​ដោយ​មិនដឹងថា វា​មាន​សារធាតុ​ជាតិ​អាស៊ីត​ក្នុង​នោះឡើយ​៕

index12