មន្ត្រី​ជំនាញ​បើកដៃ​ឲ្យ​ទំនិញគេចពន្ធ​ចូល​រាតត្បាត​ពេញទី​ផ្សារ​ខេត្តបាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

​បាត់ដំបង​៖បែកធ្លាយ​ទំនិញគេចពន្ធ​កំពុង​វាយលុក​យ៉ាងខ្លាំង​ក្លា​លើ​ទីផ្សារ​ក្នុង​ខេត្តបាត់ដំបង​ធ្វើអោយ​ក្រុមហ៊ុន​មាន​អាជ្ញា​ប​ណ្ណ័​នាំ​ទំនិញ​ចូល​ត្រឹមត្រូវ ត្រូវ​ប្រឈម​ការបង់​ខាត​តាមរយៈ​ការប្រកួតប្រជែង​និង​ប៉ះពាល់​ដល់​ចំណូល ថវិកាជាតិ​យ៉ាងច្រើន​។​
​ការ​បែកធ្លាយ​នេះ​ក្រោយពី​ក្រុមហ៊ុន​ស្របច្បាប់​មួយចំនួន​បាន​សើរើ​និង​ត្រួតពិនិត្យ​លើ​ទំនិញ​ផ្ដាច់មុខ​របស់ខ្លួន​ដែល​ឃើញ​មាន​ដាក់លក់​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទីផ្សារ​ខេត្តបាត់ដំបង​តាមរយៈ​ឈ្មួញ​លួចលាក់​នាំចេញ​ពី​ប្រទេស​ថៃ​រំលោភ​លើ​កម្ម​សិទ្ធ​បញ្ញា​ដោយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ដ្រី​គយ​ប្រចាំ​ច្រក​អន្ដរជាតិ​និង​ច្រករបៀង​មួយចំនួនទៀត​។​
​ប្រភពព័ត៌មាន​ពី​ម្ចាស់​ក្រុមហ៊ុន​គោរព​ច្បាប់​បានអោយដឹងថា​៖​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើជា​ម្លប់​ឲ្យ​ជនខិលខូច​លួច​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ​ដែលជា​ការបំផ្លាញ​ដល់​ការវិនិយោគ​ស្របច្បាប់​ដែលមាន​សិទ្ធិ​នាំចូល​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន​គឺ​បើកដៃ​ឲ្យ​គេ នាំចូល​ពី​ប្រទេស​ថៃ​ឆ្លងកាត់​តាម​ច្រក​អន្ដរជាតិ​ដូង​ក្នុងស្រុក​កំរៀង​និង​ច្រក​ភ្នំ​ដី​ស្រុក​សំពៅ​លូន ហើយ​ឈ្មួញ​ជាច្រើន​បាន​ដឹកជញ្ជូន​ទាំងយប់ ទាំង​ថ្ងៃ​មក​ស្ដុក​ទុក​សម្រាប់​ចែកចាយ​ក្នុង​ខេត្តបាត់ដំបង ដូចជា​នៅ​ឃ្លាំង​ធំៗ​នា​ចំនុច​ផ្លូវ​រថភ្លើង ក្នុង​ក្រុមទី​១ ភូមិ​អូរ​ចារ ឃ្លាំង​ក្នុងភូមិ​កំពុងក្របី ឃ្លាំង​ស្ដុក​ទំនិញ​ល្មើសច្បាប់​ក្នុងភូមិ​ចំការ​សំរោង​២​យ៉ី​ហោ​ម្លឹះ​បាត់ដំបង ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​និង​ខេត្តបាត់ដំបង​ជាដើម​។​
​ស្រទាប់​មហាជន​បាន​រិះគន់​ខ្លាំងៗ​ថា​៖ ការ​ត្រូវរ៉ូវ​គ្នា​រវាង​ឈ្មួញ​និង​មន្ដ្រី​គយ​នាំចូល​ទំនិញ​ប្រភេទ​អាហារ​គ្រប់មុខ គ្រប់​ប្រភេទ​នេះ​បាន​ធ្វើអោយប៉ះពាល់​ខ្លាំង​ដល់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន និង​ធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ស្របច្បាប់​ឈានដល់​ការ​ក្ស័យ​ធន់​ម្យ៉ាងទៀត​ធ្វើអោយ​ពិបាក​ក្នុងការ​គ្រប់គ្រង​សុពលភាព​ទំនិញ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់ដឹង​តិចតួច​ទាក់ទង​នឹង​ទំនិញ​អាហារ​ហួស​កាលកំណត់​នេះ ចំណែក​ករណី​បង្ក្រាប​ទំនិញ​ខុសច្បាប់​ពី​មន្ដ្រី​ជំនាញ​ម្ដងៗ​អនុវត្ត​តែ​លើ​អ្នកលក់ដូរ​តូចតាច​ប៉ុណ្ណោះ​។​
​ប្រភព​ដែល​បន្ដថា​៖ ទាក់ទង​ទៅនឹង​បញ្ហា​នាំចូល​ទំនិញ​យ៉ាង​រលូន​គគ្រឹកគគ្រេង​ខាងលើ​មិនអាច​លាក់បាំង​និង​មន្ដ្រី​ជំនាញ​ឬ​សមត្ថកិច្ច​បានឡើយ​ព្រោះ​ក្នុង​ចម្ងាយ​ផ្លូវ​ពី​តំបន់​ព្រំដែន​មកកាន់​ទីប្រជុំជន​ក្រុង​បាត់ដំបង​មាន​ខ្ទម​ទីស្នាក់ការ​ក្រៅច្បាប់​ដាក់​តាមផ្លូវ​បណ្តាក់​គ្នា​ដូច​ខ្យង មិនតិចជាង​៥​កន្លែង​ឡើយ​ចាំ​យកលុយ​និង​រាប់​ក្បាល​ឡាន​។​
​មន្ដ្រី​ជំនាញ​លោក អៀង ថេ​ន អនុប្រធាន​សាខាគយ​ខេត្តបាត់ដំបង​បានអោយដឹងថា​៖ ទំនិញ​នាំចូល​ខ្លះ​មាន​បិទ​ត្រា និង​ខ្លះទៀត​មិនមាន​បិទ​ត្រា​ឡើយ​ដូចជា​ដែក ស៊ីម៉ង​ដ៍​ជាដើម រីឯ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​បាត់ដំបង បាន​ប្រាប់​អ្នកកាសែត​ថា លោក​សុំ​មិន​បំភ្លឺ​ទេ លុះត្រា​តែមាន​លិខិតអនុញ្ញាត​ពី​ថ្នាក់លើ​របស់លោក​សិន​៕ ប៉ែន​សុផល​

21index