រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ត្រូវបានកំលាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយប្រជាការពារសង្កាត់ភ្នំពេញថ្មីតាមចាប់ ក្រោយធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូបានបន្តិច។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុច ក្រុម៥ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុំ វិសាល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិកើតហេតុ ខាងលើ ជិះម៉ូតូ 0១គ្រឿងម៉ាក ZOOMER.X ពាក់ស្លាកលេខភ្នំពេញ 1FT-4713។ ចំណែកជនសង្ស័យមាន គ្នា៤នាក់ ជិះម៉ូតូ២គ្រឿងម៉ាក ICON មិនចាំស្លាក់លេខ និងម៉ាកNEX មិនចាំស្លាកលេខ។
ប្រភពពីជនរងគ្រោះថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម្នាក់ឯងពីមុខព្រះបរមរាជវាំងមកផ្ទះលុះជិះដល់ផ្លូវ បត់ចូលផ្ទះស្រាប់តែឃើញជនសង្សយ័មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានដកដាវកាប់ទៅលើជនគាត់ចំដៃ ខាងឆ្វេងរងរបួសស្រាលហើយយកម៉ូតូរបស់ខ្លួនជិះគេចខ្លួនតែវាជិះទៅដល់ផ្លូវទាល់ទៅមុខមិនរួចវាក៏ទុកម៉ូតូ ចោលរត់គេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សមត្ថកិច្ច និង ប្រជាការពារ សង្កាត់ភ្នំពេញថ្មី រួមទាំងប្រជាពលរដ្ឋបានសហការគ្នាតាមចាប់ និងបង្ក្រាប បានជនសង្ស័យម្នាក់ ឈ្មោះ ងូយ ទិត្យគុណ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅអង្គការយូនីសេស ជិតរង្វង់មូលគួច កាណុង រីឯបក្ខពួកម្នាក់ ទៀតឈ្មោះលីន រត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យកំពុងសាក់សួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាម នីតិវិធី ចំណែកបក្ខពួកដែលសេសសល់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់មកផ្តន្ទាទោសតាមច្បាប់៕