ភ្នំពេញ៖ លោក កឹម សុខា នៅម៉ោង១០៖៤៥នាទីយប់ ថ្ងៃទី២៩ ខែមេសានេះ បានត្រឡប់ពីទីក្រុងបាងកកប្រទេសថៃ មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីចាកពីកម្ពុជាយ៉ាងស្ងាត់ស្ងៀមនៅព្រឹកថ្ងៃដដែលនេះ។
ការចេញចូលរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅពេលនេះបានកើតឡើង ស្របពេលអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនមន្ត្រីសមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ចំនួន៥នាក់ និងប្រកាសចេញដីកានាំខ្លួនមន្ត្រី UN ម្នាក់ ដែលរត់គេចខ្លួន ក្នុងសំណុំរឿងរបស់ ស្រីមុំ និងលោក កឹម សុខា ព្រមទាំងបានកើតឡើងបន្ទាប់ពីបែកធ្លាយសារសំឡេង សន្ទានាដ៏សំខាន់មួយរវាង លោក កឹម សុខា ជាមួយលោកមេឃុំ ស៊ាង ចែត និយាយអំពីការបញ្ចុះបញ្ចូលគ្រួសារកញ្ញា ខុម ច័ន្ទតារាទី ហៅ ស្រីមុំ កុំឲ្យខ្លាច និងកុំឲ្យនិយាយការពិតប្រាប់គេ។
មន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់ឲ្យដឹងថា លោក កឹម សុខា ពេលឡើង និងចុះយន្តហោះឃើញមានទឹកមុខស្រងូតស្រងាត់ និងគ្មានអ្នកហែរហមទេ៕