សុខភាព៖រដ្ឋបាលឱសថ និងចំណីអាហាររបស់អាមេរិកហៅកាត់ថា FDA បានធ្វើការស្រាវជ្រាវ និងរកឃើញថា កត្តាផ្សំដោយសារធាតុនៅក្នុងអ៊ីមភ្លែន (Implant) ដែលប្រើប្រាស់ក្នុងការវះកាត់ពង្រីកដើមទ្រូង អាចជាប់ពាក់ព័ន្ធទៅនឹងការបង្កទៅជាជំងឺមហារីកសុដន់ប្រភេទ ALCL ដែលជាប្រភេទជំងឺមហារីកដ៏កម្រកើតឡើងក្នុងប្រព័ន្ធការពារ សព៌ាង្គកាយរបស់យើង។
ជាទូទៅគ្រប់អ៊ីមភ្លែនដែលអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ការវះកាត់ ពង្រីកដើមទ្រូងសុទ្ធតែត្រូវបានឆ្លងការពិសោធត្រឹមត្រូវលើផ្នែក សារធាតុរាវផ្ទុកនៅក្នុងនោះ និងសម្បក ឬថង់របស់វា។ សម្បក ឬថង់ជាស្រោមសារធាតុរាវ ដែលមានផ្ទុកសារធាតុម្យ៉ាងស្វិតសម្រាប់ការពារនូវការបែកធ្លាយ។
ដោយឡែកសារធាតុបំពេញជា ស៊ីលីកូន (Silicone) នៅក្នុងថង់វិញអាចមានផលវិបាកច្រើន កាលណាវាបែកធ្លាយចេញមកក្រៅ។ ការបែកធ្លាយ ឬការចាក់បញ្ជូលស៊ីលីកូនរាវដោយផ្ទាល់ចូលទៅក្នុងសាច់អាចបណ្តាល ឲ្យមានការរលាកធ្ងន់ធ្ងរដល់កោសិកាជុំវិញ ព្រមទាំងបណ្តាលឲ្យមានការឈឺចាប់យ៉ាងខ្លាំង។ ផលវិបាកជាច្រើននៃការបែកស្រោមស៊ីលីកូន និងការចាក់បញ្ចូលស៊ីលីកូនរាវ រួមមានការស្ទះសរសៃឈាមសួតដោយសារតំណក់ស៊ីលីកូនហូរចូលក្នុង សរសៃឈាម និងអាចបណ្តាលឲ្យអ្នកជំងឺស្លាប់។
សម្រាប់ប្រទេសយើង ស៊ីលីកូនរាវត្រូវបានមនុស្សមួយចំនួនលួចប្រើប្រាស់ ដោយសារតែពួកគេមិនមានចំណេះដឹងពីផលវិបាករបស់វា និងទទួលបានការផ្តល់ព័ត៌មានមិនពិត ឬលាក់បាំងព័ត៌មានស្តីអំពីការប្រើប្រាស់ស៊ីលីកូនពីសំណាក់គ្រូ ពេទ្យ ឬអ្នកប្រកបរបរកែសម្ផស្សមួយចំនួន។ បងប្អួនស្ត្រីខ្មែរយើងមួយចំនួនសុខចិត្តទទួលយកនូវការចាក់ បញ្ជូលស៊ីលីកូន ទៅក្នុងទ្រូង ឬកន្លែងផ្សេងៗទៀតនៃរាង្គកាយដោយមិនដឹងថា គាត់នឹងត្រូវប្រឈមមុខជាមួយបញ្ហាសុខភាពជាច្រើននៅថ្ងៃមុខឡើយ។
ជាការសរុបមកវិញ ការវះកាត់ពង្រីកដើមទ្រូងដោយប្រើប្រាស់នូវ អ៊ីមភ្លែន ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ត្រឹមត្រូវ ជាវិធីសាស្ត្រដើម្បីធ្វើការកែប្រែនូវបញ្ហាដើមទ្រូងតូចពី កំណើត ឬបញ្ហាដើមទ្រូងមិនស្មើគ្នាក្រោយពេលគ្រោះថ្នាក់ ឬការវះកាត់ផ្សេងៗ៕