ខេត្តព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុបានចាប់ខ្លួនប្តីចិត្តឃោរឃៅម្នាក់ ភ្លាមៗតែម្តង បន្ទាប់ពីបានសម្លាប់ប្រពន្ធខ្លួនឯង ដោយសារតែខឹងប្រពន្ធមិនឲ្យរួមភេទ។ ករណីនេះកើតឡើងនៅវេលាម៉ោង ១២ និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ើក សាវឿន អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុខាងលើ បានប្រើដៃទះកំផ្លៀង និងច្របាច់កជនរងគ្រោះ ឈ្មោះ ណាំ ស្រី ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកម្មកររោងចក្រដែលជាប្រពន្ធបណ្តាលអោយស្លាប់ភ្លាមៗ។ ប្រភពដដែលបញ្ជាក់ថា ដើមហេតុកើតឡើងដោយសារបុរសជាប្តីស្រវឹងស្រា ហើយខឹងប្រពន្ធមិនចូលដេកក្នុងបន្ទប់ជាមួយ ខឹងក៏សម្លាប់ចោលតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ៕