រាជធានីភ្នំពេញ៖សមត្ថកិច្ចបានយកដីកាកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌលកណ្តាលគណបក្សសង្គ្រោះជាតិ ទៅបិទដល់មុខផ្ទះរបស់លោកទាំង២តែម្តង នាល្ងាចម្សិលមិញព្រោះតែសាម៉ីខ្លួនមិនព្រមទទួលយក។
សូមជម្រាបថា ផ្ទះលោក កឹម សុខា ដែលសមត្ថកិច្ចយកទៅបិទដល់នោះ គឺស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលលោក កឹម សុខា ត្រូវចូលបំភ្លឺនៅតុលាការ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ពីបទ សញ្ចារកម្ម រីឯផ្ទះលោក តុ វ៉ាន់ចាន់ ស្ថិតនៅផ្ទះលេខ A23 ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលត្រូវចូលទៅបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ដែលត្រូវរងការចោទប្រកាន់ពីបទ អំពើពេស្យាចារ។
សូមបញ្ជាក់ថា នេះជាដីកាកោះលើកទី២ របស់លោក កឹម សុខា ហើយបន្ទាប់ពីព្រះរាជអាជ្ញារង កែវ សុជាតិ កាលពីថ្ងៃទី០៣ ខែឧសភា បានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ប្តឹងពីបទបរិហាកេរ្តិ៍។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀត ដោយទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ។
នៅក្នុងពាក្យបណ្តឹងរបស់កញ្ញា ស្រីមុំ បានសរសេរប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀតថា៖ «សូមទាមទារសំណងជំងឺចិត្ត ពីលោក កឹម សុខា និងគូកន ពីបទធ្វើឲ្យរូបនាង ខាតបង់ពេលវេលាបាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយសសេចក្តីថ្លៃថ្នូរ របស់នាងចំនួន៣០០,០០០ (បីរយពាន់) ដុល្លារអាមេរិក»។ ការដាក់ពាក្យបណ្តឹងរបស់កញ្ញា ស្រីមុំ នេះធ្វើឡើងតាមរយៈ មេធាវី គឹម វាសនា៕