យោធា​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​៣០​នាក់មក​កម្ពុជា​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៨១​នាក់​ដែល​បាន​លួច​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករ​របៀង ដឹកនាំ​ដោយ​មេខ្យល់ ដើម្បី​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តែ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន និង​បាន​បញ្ជូនមក​កម្ពុជា​វិញ​ចំនួន​៣០​នាក់​ហើយ ពី​ព្រោះតែ​គ្មាន​ឯកសារ​ធ្វើការ​នៅ​ទីនោះ​។​
​លោក ប៊ុន សុខ​វិបុល កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ​ប្រទេស​ថៃ បាន​ឲ្យ​ភ្នាក់ងារ​យក​ព័ត៌មាន​ដឹង​កាលពី​យប់​ថ្ងៃទី​១១ ខែឧសភា ថា​ក្រោយពី​មន្ត្រី​យើង​បានទទួល​ព័ត៌មាន​ថា សមត្ថកិច្ច​ថៃ​ធ្វើការ​ឃាត់ខ្លួន​ពលករ​ខ្មែរ ប្រុស​ស្រី​ចំនួន​៨១​នាក់ ខណៈដែល​ពួកគេ​លួច​ឆ្លងដែន​ខុសច្បាប់ ចូលមក​ដី​ថៃ​តាម​ច្រករបៀង ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ទៅ ក្នុងស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ យើង​បាន​ចុះទៅ​សួរនាំ ដើម្បី​ជួយ​អន្តរាគមន៍​។​
​លោក​បាន​បន្តថា ក្នុងចំណោម​ពលករ​ទាំងអស់នោះ គឺមាន​ពលករ​ខ្លះ មាន​ឯកសារ​ស្នាក់នៅ ចំណែក​ពលករ​ប្រុស​ស្រី​៣០​នាក់ ពុំមាន​ឯកសារ ទើប​គេ​បញ្ជូនមក​កម្ពុជា​វិញ​ហើយ រីឯ​ពលករ​ខ្មែរ​នៅសល់​ទៅធ្វើ​ការងារ នៅក្នុង​ទឹកដី​ធម្មតា​វិញ​ដែរ​។​
​តែ​ទោះបីជា​យ៉ាងណា គ្មាន​ការអះអាង​ពី​សមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ថា​តើ​ពួកគេ​មកពី​ស្រុក​ណា​ឡើយ​៕

eb02ac31-03ac-457b-88bd-6b530263e08d