ស្ត្រី​ម្នាក់​សម្រាលកូន​កណ្តាល​ព្រៃ គ្រា​ដែល​តាម​ប្តី​ស្វែងរក​ការងារ​ធ្វើ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់​បាន​សម្រាលកូន​នៅក្នុង​ព្រៃ កាលពី​រសៀល​ថ្ងៃទី​១២ ខែឧសភា ២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។ តាម​ព័ត៌មាន​ទទួលបាន​ករណី​ខាងលើនេះ ក៏​ព្រោះតែ​ប្រពន្ធ​បានធ្វើ​ដំណើរ​ចំណាកស្រុក​ជាមួយ​ស្វាមី ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅតាម​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ​។ ស្ត្រី​រូបនោះ ឈ្មោះ ឆូ​យ វន អាយុ​៣៣​ឆ្នាំ រស់នៅ​ស្រុក​សំឡូត​។​
​តាម​ព័ត៌មាន​គឺ ស្ត្រី​រូបនេះ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយ តែ​គាត់​បាន​សុំ​ស្វាមី​ទៅជា​មួយ ពេល​ស្វាមី​ត្រូវ​ចាក​ចេញពីផ្ទះ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ ប៉ុន្តែ​ការសម្រេច​ធ្វើ​ចំណាកស្រុក​ចោល​កូនប្រុស​-​ស្រី​៥​នាក់​នៅចាំ​ផ្ទះ​នេះ មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ និង​មិនទាន់បាន​ការងារ​ធ្វើ​ផង ស្រាប់តែ​ប្រពន្ធ​សម្រាលកូន​ឆ្លងទន្លេ​នៅក្នុង​ព្រៃ​ជាប់​ព្រំដែន​ថៃ តែម្តង​។​
​បើតាម​អ្នកស្រុក​ថា ក្រោយពី​ដឹង​រឿងនេះ ត្រូវ​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​ជ្រោមជ្រែង​យ៉ាងខ្លាំង ទាំង​ការទំនាក់ទំនង​ហៅ​គ្រូពេទ្យ ទាំង​ការជួយឧបត្ថម្ភ​ជា​ថវិកា ដោយសារតែ​ឃើញ​គ្រួសារ​ប្ដី​ប្រពន្ធ​នេះ ក្រីក្រ​និង​កំសត់​ខ្លាំងពេក​។​
​ប្រជាពលរដ្ឋ​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ ក្រុមគ្រូពេទ្យ​បាន​ចុះទៅ​ជួយសង្គ្រោះ​ស្ត្រី​ខាងលើនេះ​ភ្លាមៗ​ដែរ ហើយ​បាន​ប្រឹងប្រែង​ជួយ​ស្ត្រី​រងគ្រោះ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់​។ បើតាម​គ្រូពេទ្យ​ថា ស្ត្រី​រូបនេះ សម្រាល​បានកូន​ស្រី ដែលមាន​សុខភាព​ល្អ​ទាំង​ម្ដាយ​ទាំង​កូន ដែល​ពេលនេះ​កំពុង​ស្ថិតក្រោម​ការព្យាបាល​របស់​គ្រូពេទ្យ​នៅឡើយ​៕

749c5edf-ca7b-4945-8592-db0ad5b7355ca1ed6bce-ccbb-478e-9db5-d1e13eea959d