រាជធានីភ្នំពេញ៖កម្លាំងល្បាតរបស់នគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វាសហការជាមួយកម្លាំងនគរបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀនជាប្រភេទម៉ាទឹកកក៣កញ្ចប់ធំ ដែលជននេះបានរក្សាទុកនៅជាប់នឹងខ្លួន ព្រមទាំងម៉ូតូ១គ្រឿងម៉ាក CBR។
ក្នុងប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនត្រូវជាប់សង្ស័យទាំង២នាក់ ខាងលើត្រូវបានធ្វើឡើងនៅល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុច ក្បែរវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
អធិការរងទទួល ផែនព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា លោកវរសេនីយ៍ត្រី ឯក សេរីវុធ បានប្រាប់អ្នកកាសែតថា ជនត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនខាងលើនេះ មានឈ្មោះឈិន ប្រណី អាយុ២១ឆ្នាំ ជាជនជាតិ ខ្មែរឥស្លាម មានមុខរបរធ្វើស្រែ ស្នាក់នៅ ភូមិសំពោងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះជា ធុយ អាយុ១៩ឆ្នាំ មានមុខរបរលក់ដូរស្នាក់នៅភូមិជ្រលង ឃុំត្រពាំងត្នោត ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកលោកវរសេនីយ៍ត្រីបញ្ជាក់ថា កម្លាំងសមត្ថកិច្ច បានធ្វើការបញ្ជូនខ្លួនជន សង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងទៅឃុំខ្លួនស្រាវជ្រាវបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីរៀបចំចាត់តាមនិតិវិធីនៃផ្លូវច្បាប់៕