ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង និង​រន្ទះបាញ់​ងាប់​គោ​៣​ក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2016 ក+ ក-

​ខេត្ត​ប៉ៃលិន​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង ត្រូវបាន​ភ្លៀង​លាយឡំ ដោយ​ខ្យល់​កន្ត្រាក់​បុក​ប៉ើង​ដំបូល​ខូចខាត​ធ្ងន់ធ្ងរ ក្នុងនោះ​រលំ​ដួល​ទាំង ស្រុង​ចំនួន​១​ខ្នង ស្ថិតនៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ខណៈដែល​បាតុភូត​រន្ទះបាញ់ បណ្តាលឱ្យ​ងាប់​សត្វ​គោ​អស់​ចំនួន​៣​ក្បាល នៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ តែ​សំណាងល្អ មិន​បណ្តាលឱ្យ​មនុស្ស​ណា​ម្នាក់​នៅក្បែរនោះ​ទទួលរង​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះឡើយ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ទាំងពីរ​ខាងលើ​។​
​ប្រភពព័ត៌មាន​ពី​លោក ជុំ វឿន នាយប៉ុស្តិ៍​នគរបាល​ស្ទឹង​កាច់ បានឱ្យដឹងថា កាលពី​វេ លា​ម៉ោង​១២​ថ្ងៃត្រង់ គេ​សង្កេតឃើញ​ផ្ទៃមេឃ​ប្រែក្លាយ​ទៅ​ខ្មៅ​អួរ​អាប់ បង្ក​ជា​ភ្លៀង​លាយ​ដោ យ​ខ្យល់​កន្ត្រាក់​បក់បោក​មកពី​ទិស​ខាងលិច បណ្តាលឱ្យ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ចំនួន​៣​ខ្នង ក្នុងនោះ​រលំ​ដួល​ទាំងស្រុង​ចំនួន​១​ខ្នង តែ​មិន​បណ្តាលឱ្យ​រងរ បួស​នោះទេ​។​
​លោក​បាន​បន្តទៀតថា ហើយ​ចំពេល​ជាមួយគ្នា​នោះដែរ ស្រាប់​តែមាន​ផ្លេក បន្ទោរ​និង​ផ្គរលាន់ បង្ក​ទៅជា​រន្ទះបាញ់​ទៅលើ​ដើមឈើ​១​ដើម ដែល​អ្នកភូមិ​យក​គោ​ទៅ​ចង​នៅក្បែរនោះ បណ្តាលឱ្យ​ងាប់​អស់​ចំនួន​៣​ក្បាល ព្រមទាំង​បាញ់​ចំ​បង្គោល​ខ្សែភ្លើង​១​ដើម ធ្វើឱ្យ ដាច់​ភ្លើងអគ្គិសនី​មួយរយៈ​ពេល​ផងដែរ​។ លោក​បញ្ជាក់ទៀតថា ពេលនោះ​សមត្ថកិច្ច​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ បាន​រកឃើញ​កាំភ្លើង អាកា​ស្វាយ​បត់​ចាស់​ច្រេះ​ស៊ី​១​ដើម កប់ ក្នុង​ដី​នៅក្បែរ​កន្លែង​នោះដែរ​។​
​ក្រោយមក ខាង​អាជ្ញាធរ​ភូមិ បាន​ចុះទៅ​ត្រួតពិនិត្យ ដល់ផ្ទះ​ប្រជាពលរដ្ឋ និង រាយការណ៍​ជូន​កាកបាទក្រហម​សាខា​ខេត្ត ដើម្បី​ងាយស្រួល រៀបចំ​ជា​អំណោយ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​មួយ​នេះ​។​
​សូមបញ្ជាក់ថា បន្ទាប់ពី​គ្រោះធម្មជាតិ​រាំងស្ងួត ខ្វះខាត​ទឹក​ទទួលទាន និង​ប្រើប្រាស់ កាលពី​ថ្មីៗ​កន្លងមក រហូតមកដល់ ពេលនេះ ក៏​ជួបប្រទះ​នឹង​បញ្ហា​គ្រោះធម្មជាតិ​ដោយសារ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​។ នៅ​ដើមឆ្នាំ​២០១៦​នេះ ក្នុង​ខេត្ត​ប៉ៃលិន បណ្តាលឱ្យ​មនុស្ស​ស្លា ប់​ចំនួន​៣​នាក់ ដោយសារតែ​រន្ទះបាញ់​ពេល​មេឃ​ភ្លៀង ។ ដូច្នេះ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ក៏ដូចជា​ខេត្ត​នានា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​មាន​ភ្លៀង​ឬ​ខ្យល់ ត្រូវ​ចូល​ជ្រក​នៅ​កន្លែង​មាន​សុវត្ថិ​ភាពសមរម្យ ដើម្បី​បង្ការ​បញ្ហា គ្រោះថ្នាក់​បណ្តាលឱ្យ​បាត់បង់​អាយុជីវិត​ផងដែរ​៕

IMG-20160516-WA0002IMG-20160516-WA0000