អាជ្ញាធរ​បន្ត​សាងសង់​ឃឿន​ច្រាំង​ទន្លេមេគង្គ​ដើម្បី​ការពារ​ច្រាំង លើ​កម្ពស់​សោ​ភណ្ឌ​ភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2016 ក+ ក-

​ខេត្តក្រចេះ​៖ដោយ​មើលឃើញ​ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ខេត្ត មានការ​រីកចំរើន មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​ដើម្បី​លើកកម្ពស់​មុខមាត់​សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ខេត្ត​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ឡើង​មួយកម្រិត​ថែមទៀត​។ ជាពិសេស គឺ​ការការពារ ការបាក់​ដី​ច្រាំងទន្លេ ដែលជា​ហេតុ​បណ្ដាល​ឲ្យ​មានការ​ខូចខាត និង​ប៉ះពាល់​ដល់​សម្បត្តិ៍​សាធារណៈ ដូចជា ផ្លូវ និង​អគារ​ដែល​នៅតាម​មាត់ទន្លេ​ជាដើម​។​
​អាជ្ញាធរ​ខេត្តក្រចេះ ដែលមាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ជា​សេនាធិការ ក្នុងការ​រៀបចំ និង​កំពុង​ស្ថាបនា​សាងសង់​ឃឿន​ច្រាំងទន្លេ​មេគង្គ​បន្ត ដោយមាន​ប្រវែង ១៤០​ម៉ែត្រ ចាប់ពី​ផែន​លើ​ដល់​មុខ​សណ្ឋាគារ​ដូ​ល​ហ្វី​ន និង​បន្ត​ពីមុខ​សាលាខេត្ត​ក្រចេះ ដែល​ថវិកា​ទាំងនេះ ជា​ថវិកា​របស់​សាលាខេត្ត​ក្រចេះ​។​
​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តក្រចេះ លោក ហេង រ​ត្ន័​មូ​នី​ដា បាន​ឲ្យ​អោយដឹងថា ខេត្តក្រចេះ គឺជា​ខេត្ត​មួយ​ដែលមាន​ភូមិសាស្ត្រ នៅជាប់​នឹង​ដង​ទន្លេមេគង្គ ចំពោះ​ការងារ​សាងសង់​ឃឿន​ច្រាំងទន្លេ​នេះ បាន​ចាប់ដំណើរការ​រយៈពេល​១០​ឆ្នាំ​មកហើយ ដែល​ខេត្ត​កសាង​សម្រេច​ប្រវែង ២​ពាន់​ម៉ែត្រ ដោយ​ក្នុង​មួយឆ្នាំៗ​កសាងបាន​ប្រវែង​ជាង​១០០​ម៉ែត្រ​។​
​លោក​បាន​បន្តថា ការដ្ឋាន​ដែល​កំពុងដំណើរការ​សាងសង់​នេះ គឺជា​លើក​ទី​១០ មាន​ប្រវែង​១៤០​ម៉ែត្រ ដែលជា​ថវិការ​របស់​សាលាខេត្ត ដោយមាន​មន្ទីរ​ធនធានទឹក ជា​ជំនួយការ និង​ជា​អ្នកសិក្សា​ចេញ​ប្លង់​ក្នុង​ការសាងសង់​ឃឿន​ច្រាំង​ទន្លេមេគង្គ​។​
​ទន្ទឹមនឹង​ការសាងសង់​ឃឿន​ច្រាំងទន្លេ​នោះដែរ គេ​ស​ង្គេ​ត​ឃើញថា គឺ​វា​មិន​ត្រឹមតែ​ជា​ឃឿន​ការពារ​ដ៏​រឹង​ម៉ាំ​មិន​ឲ្យ​បាក់​ដី​ច្រាំងទន្លេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ជ្រុង​មួយ​ដ៏​សំខាន់​នៃ​វិស័យ​ទេសចរណ៍​ខេត្ត ដែលមាន​ភាព​ទាក់ទាញ​ថែម​ទៀតផង​។​
​ការសាងសង់​ច្រាំងទន្លេ​នេះ គឺ​ពិតជា​ផ្ដល់នូវ​អត្ថ​ប្រ​យោន៍​សំខាន់​ចំពោះ​ខេត្ត ដោយ​លោក ហេង រ​ត្ន័​មូ​នី​ដា លើកឡើង​បន្តថា ទី​១ ការពារ​ការបាក់​ដី​ច្រាំងទន្លេ ការពារ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ ផ្លូវ និង​អគារ ដែល​នៅតាម​ដង​ទន្លេ​, ទី​២ ក្រោយ​ពេលដែល​សាងសង់​ហើយ វា​ជា​តំបន់​ទេ​ចរណ៍ ដោយ​រៀងរាលថ្ងៃ នៅពេល​ព្រឹក និង​ពេល​ល្ងាច គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ តែងតែ​អង្គុយលេង និង​ហាត់ប្រាណ ព្រមទាំង​ផ្ដិត​យក​រូបភាព​នៅពេល​ថ្ងៃ​លិច និង​គយគន់​ទស្សនា​ទេសភាព​កោះ​ទ្រង់ ដែល​នៅ​ទល់មុខ​នឹង​ទី​រួម​ខេត្ត​។​
​លោក បាន​បញ្ជាក់ថា យោងតាម​ចក្ខុវិស័យ​របស់​ខេត្ត ក្រោម​ការដឹកនាំ​របស់​លោក សរ ចំរុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ខេត្ត មាន​គម្រោង​សាងសង់​ឃឿន​ច្រាំង​ទន្លេមេគង្គ​បន្ត ជា​រៀងរាល់ឆ្នាំ ទៅតាម​លទ្ធភាព​នៃ​កញ្ចប់​ថវិកា​របស់​សាលាខេត្ត​។​
​គួ​រំលឹកថា ចាប់តាំងពី​លោក សរ ចំរុង ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ក្រចេះ​មក ឃើញថា ខេត្តក្រចេះ គឺមាន​ការរីកចម្រើន​គួរ​ឲ្យ​គត់​សម្គាល់​៕​សហការី

index312