ឃាត់ខ្លួន​ជនបរទេស​៧៧​នាក់​នៅការដ្ឋាន​សំណង់​ចិន​ក្នុង​ខណ្ឌ​៧​មករា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​បរទេស​ចំនួន​៧៧​នាក់ គ្រា​ដែល​ចុះ​ត្រួតពិនិត្យ​ក្នុង​ការដ្ឋាន​សំណង់​ចិន​ឈ្មោះ Hong Lien Group ។ ការចុះ​ធ្វើ​រដ្ឋបាល​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ដី​ឡូដ៍​មួយ​តាម​បណ្ដោយ​ផ្លួ​វ​១៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បានឱ្យដឹងថា ប្រតិបត្តិ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​ដោយមាន​ការសហការ​ជាមួយ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​សម្របសម្រួល​ពី លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ដថា ការចុះ​ត្រួតពិនិត្យ​នៅក្នុង​ការដ្ឋាន​សំណង់​នេះ ជាបឋម​រកឃើញ​ជន​ជាតិចិន​៧៧​នាក់ ស្រី​២​នាក់ និង​កម្មករ​វៀតណាម ប្រមាណ​៤០​នាក់ ដែល​ភាគច្រើន​គ្មាន​លិខិតឆ្លងដែន និង​ប័ណ្ណ​ការងារ​។ លោក​បញ្ជាក់ថា ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​រួចមក ចំពោះ​ជនជាតិ​ចិន និង​វៀតណាម ដែល​មិនមាន​លិខិតឆ្លងដែន ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

fn-2016-05-17-16-39-32-3fn-2016-05-17-16-39-31-1