តុលាការ​គាស់កកាយ​សំណុំរឿង​ហិង្សា​ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង របស់លោក រ៉ុង ឈុន បញ្ជូនទៅ​ជម្រះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2016 ក+ ក-

​ភ្នំពេញ​៖​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​លិខិត​ជូនដំណឹង​មួយ​ទៅ​ឲ្យ​លោក រ៉ុង ឈុន សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​. ប​)​ដោយ​បញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​បាន​បញ្ជូន សំណុំរឿង​របស់លោក​រ៉ុង ឈុន ទៅ​ជំនុំជម្រះ​ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ដែល​កើតឡើង​តាំងពីដើម ខែមករា ឆ្នាំ​២០១៤​។​

​លិខិត​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​លោក សាន សុផាត ចុះ​ថ្ងៃទី​២៦ ខែមេសា ហើយ​ទើប​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅថ្ងៃនេះ មិនបាន​បញ្ជាក់​ពី​អង្គសេចក្តី​នោះឡើយ ដោយ​គ្រាន់ តែ​បញ្ជាក់ថា ជា​សំណុំរឿង​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ ទី​៨ ខែមករា ឆ្នាំ​២០១៤​។​

លោក រ៉ុង ឈុន អតីត​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​គណ​បក្ស សង្គ្រោះ​ជាតិ ឲ្យ​ក្លាយជា​សមាជិក គ​.​ជ​.​ប ម្នាក់​ក្នុងចំណោម ៩​នាក់ បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ទទួលបាន លិខិត​នេះ កាលពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ​។ លោក រ៉ុង ឈុន បន្តថា ប្រសិនជា​តុលាការ​អនុវត្តតាម​វិជ្ជា ជីវៈ​នោះ សំណុំ​រឿងនេះ​ត្រូវបាន​បញ្ចប់​រួច​យូរ​មកហើយ មិន​បន្ត​យូរ​រហូត​មកទល់ពេលនេះ​នោះទេ​។ លោក បញ្ជាក់ថា “​ការពិតទៅ​សមាជិក គ​.​ជ​.​ប វា​មិន​មានអី​ធំដុំ​ទេ ព្រោះ​គ្មាន​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ គេ​ចង់​អូស​ទៅ​ថ្មើរម៉ាន​ក៏បាន​ដែរ​” ។​

គួររំឭកថា លោក រ៉ុង ឈុន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​បក្ស ធ្លាប់​ត្រូវបាន​ចូល​បំភ្លឺ​នៅ​តុលាការ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​នឹង​បទ​ញុះ ញ​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប៉ុន្តែ​មិនត្រូវ​បាន​ចាប់ខ្លួន នោះទេ​។ ការកោះហៅ​នាពេលនោះ ធ្វើឡើង​នៅក្រោយពី​មាន​ករណី​ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​កងកម្លាំង សមត្ថកិច្ច​រាប់រយ​នាក់ និង​ក្រុមកម្មករ ខណៈដែល​ប្រមូល​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ កាលពី​ថ្ងៃទី​២ និង​ទី​៣​ខែមករា នៅ​ផ្លូវ​វ៉េងស្រេង បណ្តាល​ឲ្យ​កម្មករ​៥​នាក់​ស្លាប់ ជាច្រើន​នាក់​រងរបួស ។​

គួរបញ្ជាក់​ថា​លោក រ៉ុង ឈុន បាន​ក្លាយជា​សមាជិក​គ​.​ជ​.​ប កាលពី​ថ្ងៃទី​១៣​ខែមេសា ឆ្នាំ​២០១៥​។ រហូត​ម​ដល់ពេលនេះ អគ្គលេខាធិការរង​គ​.​ជ​.​ប លោក នី ចរិយា ដែលជា​អតីតមន្ត្រី​សង្គម​ស៊ីវិល ត្រូវបាន តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​សូកប៉ាន់​សាក​សាក្សី ទាក់ទង​នឹង​សំណុំរឿង​នាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​ត្រូវគេ​ទម្លាយ​ថា​ជា​ស្រី​កំណាន់​របស់ លោក កឹម សុខា​។​

តាម​មាត្រា​១៣ នៃ​ច្បា​ប់គ​.​ជ​.​ប ចែងថា ប្រធាន​អនុប្រធាន​និង​សមាជិក​គ​.​ជ​.​ត្រូវអនុវត្ត​តួនាទី​របស់ ខ្លួន ដោយ​មិន​លម្អៀង ដោយ​ឈរលើ​គោលការណ៍​គោរព​ច្បាប់ ដោយ​មិន​ទទួល​ការគាបសង្កត់ ការ​គំរាម កំហែង​ការបំភិតបំភ័យ​ឬ​ការបង្គាប់បញ្ជា​ដោយផ្ទាល់​ឬ​ដោយ​ប្រហារ​ពី​បុគ្គល​ឬ​ស្ថាប័ន​ណាមួយ​ឡើយ​។ ប្រធាន អនុប្រធាន និង​សមាជិក​ត្រូវ​ទទួលបាន​ការធានា​ការពារ​សន្តិសុខ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គ្រួសារ តាម​សំណូមពរ​របស់​សាមីខ្លួន ក្នុងករណី​ចាំបាច់ ៕

Untitled