សិល្បៈ៖ក្រោយពីបានលែងលះប្តីតាមប្រព័ន្ធច្បាប់ជាផ្លូវការរយៈពេលជិត១ឆ្នាំមកនេះតារាសម្តែង និងជាពិធីការិនី អ្នកនាងសុខ សោម៉ាវត្តី ប្រកាសប្រាប់ជាសាធារណៈយ៉ាងភ្ញាក់ផ្អើលថា ខ្លួននៅលីវគ្មានជាប់ពាក់ព័ន្ធជាមួយរឿងស្នេហានោះ។
កន្លងមក រឿងរ៉ាវប្រេះឆាស្នេហ៍របស់ អ្នកនាង សុខ សោម៉ាវត្តី ជាមួយស្វាមី លោក ពេជ្រ ដែលជាកូនប្រុសអតីតស្នងការរាជធានីភ្នំពេញ លោកទូច ដាណារ៉ា ក៏ធ្លាប់ត្រូវបានប្រភពទម្លាយថា ពួកគេទាំងពីរនាក់ បានជួបរឿងរកាំរកូស និងឈានទៅរកការប្រេះឆា ខណៈដែលការរស់នៅសាងសុភមង្គលពុំសូវមានភាពស៊ីចង្វាក់ចុះសម្រុង ជាមួយគ្នាដូចកាលពីគ្រាចាប់ផ្ដើមស្នេហ៍ដំបូង។
មូលហេតុពិត ដែលសុខ សោម៉ាវត្តីសុខចិត្តទម្លាយការពិត ដែលបានលាក់កប់ក្នុងចិត្តជាយូមកហើយនោះគឺមានមូលហេតុសំខាន់ៗមួយចំនួន ដោយនាងសុំមិនបកស្រាយលម្អិតអំពីរឿងរ៉ាវនៃការបែកបាក់គ្រួសាររបស់ខ្លួនឡើង អាអ្វី ដែលនាងអាចនិយាយបាននៅពេលនេះគឺថា “ពេលនេះខ្ញុំកំពុងនៅលីវ”។
សូមបញ្ជាក់ថា តារាសម្តែងអ្នកនាង សុខ សោម៉ាវត្តី បន្ទាប់ពីដាក់ខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈអស់មួយ សន្ទុះធំមកនេះត្រូវបានគេមើលឃើញថា នាងក៏សិល្បការិនីឆ្នើមមួយរូបដែលតែងទទួលបានឱកាសគ្រងតំណែងតួឯកជា បន្តបន្ទាប់ និងកំពុងមានការចាប់អារម្មណ៍ខ្លាំងពីមហាជន៕