រាជធានីភ្នំពេញ៖លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងកាលពីម្សិលមិញថា គ.ជ.ប នឹងមិនលូកដៃក្នុងតុលាការនោះទេ លើសំណុំរឿងលោក នី ចរិយា មន្ត្រី គ.ជ.ប ដែលត្រូវចាប់ខ្លួន។
ការលើកឡើងដូច្នេះ គឺបន្ទាប់ពីសហភាពអឺរ៉ុប ដែលស្នើគ.ជ.ប ឲ្យមានវិធានការសមរម្យលើសមាជិកខ្លួន២រូប គឺលោក រ៉ុង ឈុន និងលោក នី ចរិយា ដែលកំពុងប្រឈមនឹងការចោទប្រកាន់របស់តុលាការ។
គួររំលឹកថា កាលពីថ្ងៃទី១៩ ខែឧសភា ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក អាឡាំង វ៉ាន់ឌឺមីសិន (Alain Vandersmissen) បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន ក្នុងស្រុកមួយថា សហភាពអឺរ៉ុបកំពុងរង់ចាំមើលចំណាត់ការសមរម្យពីគ.ជ.ប ចំពោះមន្ត្រីទាំងពីររូបគឺលោក នី ចរិយា និងលោក រ៉ុង ឈុន ដើម្បីធានាថា គ.ជ.ប បំពេញការងារបានពេញលេញ ខណៈរក្សាជំហរឯករាជ្យនិងសមតុល្យរវាងគណបក្សទាំងពីរ ដូចបានយល់ព្រមកាលពីឆ្នាំ២០១៤៕