ក្រុងព្រះសីហនុ៖អគ្គីភ័យដែលឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋនៅម្តុំចុងឆ្នេរអូរឈើទាលសង្កាត់លេខ៤ កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃ២០ឧសភា២០១៦នេះ បានរលត់វិញហើយ ដោយបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងនិងប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ ដល់គ្រួសារប្រជាពលរដ្ឋ ចំនួន៧គ្រួសារដែលជាគ្រួសាររស់នៅរួមគ្នាជាលក្ខណៈផ្ទះជួលខ្លះផង ក្រោយប្រតិបត្តិការជួយពន្លត់ពីរថយន្តពន្លត់អគ្គីភយ័របស់ស្នងការដ្នាននគរបាលខេត្តនិងរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុរយៈពេលជិតមួយម៉ោង ដែលបានទប់ស្កាត់មិនអោយឆ្លងរាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋដ៍ទៃទៀតនៅក្បែរៗគ្នានោះ។
បើតាមលោកវរសេនីយ៍ឯកប៊ូ សុធីស្នងការរងនគរបាលខេត្តព្រះសីហនុទទួលបន្ទុកផែនពន្លត់អគ្គីភ័យមានប្រសាសន៍ថា អគ្គីភ័យដែលឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋនៅម្តុំចុងឆ្នេរអូរឈើទាលនេះ កើតឡើងដោយសារម្ចាស់ផ្ទះមួយក្នុងចំណោមម្ចាស់ផ្ទះរងគ្រោះ ផ្ទេរសាំងដាក់ដបហើយក៏ឆាបឆេះជាមួយនិងភ្លើងចង្ក្រាន។ ទោះជាយ៉ាងនេះក្តីក្រៅពីខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះដូចជាម៉ូតូ៣គ្រឿង លុយកាក់និងរបស់របរផ្សេងទៀតដែលគេនៅពុំទាន់សរុបការខូចខាតបានអស់នៅឡើយនោះ ពុំមានមនុស្សរងគ្រោះថ្នាក់ក្នុងគ្រោះអគ្គីភ័យនេះទេ៕
អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងនៅចុងឆ្នេរអូរឈើទាល