លោក ប៉ែនសុផល
បាត់ដំបង៖បែកធ្លាយក្រុមហ៊ុនប្រមូលសំរាម ស៊ិន ទ្រី កម្ពុជាចំកាត់សាខាខេត្តបាត់ដំបង បានសំងំលួចតទឹករបស់អង្គភាពរដ្ឋាករទឺកខេត្តបាត់ដំបងប្រើប្រាស់រយះពេលជិត២ឆ្នាំ ។
លោក ឃន ណារិទ្ធ មន្ដ្រីការិយាល័យរដ្ឋបាលរដ្ឋាករទឹកបានអោយដឹងថា៖ បន្ទាប់ពីមានការងឿងឆ្ងល់និងការផ្ដល់ពត៌មានសម្ងាត់ពីប្រជាពលរដ្ឋក្បែរមូលដ្ឋាននេះ ក្រុមការងាររបស់អង្គភាពរដ្ឋាករទឹកខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានផងនោះបានចុះពិនិត្យទុយោទឹកជាក់ស្ដែងនៅវេលាម៉ោង៤.០០នាទីល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦លើទីតាំងមុខការដ្ឋានរបស់ក្រុមហ៊ុនទទួលសិទ្ធិប្រមូលសំរាមឋិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង មន្ដ្រីជំនាញបានរកឃើញការលួចកាត់ខ្នែងទុយោដើម្បីទាញយកបើកទឹកប្រើប្រាស់នៅពេលយប់ស្ងាត់។
ក្រោយពីការរកឃើញភស្ដុតាងជំហាននទី១ហើយ ក្រុមការងារបានរុករកបន្ដររកឃើញទុយោទន់១ខ្សែនិងទុយោរឹង៣ទៅ៤ដើមរួមទាំងសំណាកទឹកនៅក្នុងពាងដែលកម្មករក្រុមហ៊ុនស៊ិន ទ្រី បានប្រើប្រាស់ប្រចាំថ្ងៃ ជាទឹករបស់អង្គភាពរដ្ឋាករទឹកមិនមែនជាទឹកអណ្ដូងឡើយ។ ក្នុងការលួចតទឹកប្រើប្រាស់រយះពេលជិត២ឆ្នាំមកនេះបានធ្វើអោយប៉ះពាល់ដល់ចំណូលថវិការជាតិយ៉ាងធ្ងន់ធ្ងរព្រោះបរិមាណនៃការប្រើប្រាស់វាមានវិសាលភាពធំធេងគ្របដណ្ដប់ទៅលើការដ្ឋានទាំងមូលដែលមានបុគ្គលិកកំពុងស្នាក់នៅចំនួនជាង២០គ្រួសារ ហើយក្នុង១គ្រួសារមានសមាជិកចាប់ពី៣នាក់ឡើងទៅ។ ជាងនេះទៀតនៅបរិមាណទឹកលាងសំអាតរថយន្ដអនាម័យនៅក្នុងការដ្ឋាននេះផងដែរ។
លោក ឃន ណារិទ្ធ មន្ដ្រីការិយាល័យរដ្ឋបាលរដ្ឋាករទឹកបានបញ្ជាក់ថា៖ ភាគីខាងក្រុមហ៊ុនប្រមូលសំរាម ស៊ិន ទ្រី កម្ពុជាចំកាត់សាខាខេត្តបាត់ដំបងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់នៅរាល់ការខាតបង់ថវិការជាច្រើនចាប់តាំងពីថ្ងៃលួចលាក់តទុយោទាញយកទឹកប្រើប្រាស់ផ្ទុយនិងច្បាប់។
ឆ្លើយតបនៅក្នុងការចោទប្រកាន់នេះភាគីខាងអ្នកគ្រប់គ្រងរបស់ការដ្ឋានក្រុមហ៊ុន ស៊ិន ទ្រី សាខាខេត្តបាត់ដំបង លោក តូ ថានរិទ្ធ មានឥរិយាបទហាក់ទទួលស្គាល់ជុំវិញបទល្មើសជាក់ស្ដែងនេះប៉ុន្ដែបានសុំឱកាសជួបប្រជុំជាមួយក្រុមកម្មកររបស់ក្រុមហ៊ុនសិនទ្រី បន្ទាប់មកនឹងចូលខ្លួនដោះស្រាយជាមួយភាគីរដ្ឋាករទឹកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ៕