ខេ​ម នៅតែ​អះអាង​យក​ត្រូវ ខណៈ​សំណុំរឿង​ដល់​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រហូតមកដល់​ពេលនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ពាក់ព័ន្ធ​តារាចម្រៀង លោក ខេ​ម នៅ​មិនទាន់​ដោះស្រាយ​នៅឡើយ ក្នុងពេលដែល​តារាចម្រៀង​រូបនោះ នៅតែ​អះអាងថា គាត់​មិន​ខុស​នោះទេ អ្នក​ខុស​គឺ​ភាគី​ជនរងគ្រោះ ។ ប៉ុន្តែ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ការភ្ញាក់ផ្អើល​មួយ​នេះ ត្រូវបាន​នគរបាល​ជំនាញ បញ្ជូន​ទៅដល់​តុលាការ​ផងដែរ​។​
​ពាក់ព័ន្ធ​សំណុំរឿង​ខាងលើនេះ ភាគី​ជនរងគ្រោះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុមគ្រួសារ​ទាមទារ​សំណង​ពី​លោក ខេ​ម ចំនួន ២៥០០០​ដុល្លារ ប៉ុន្តែ​មក​ពេលនេះ ភាគី​លោក ខេ​ម មិនទាន់​ឆ្លើយតប​យ៉ាងណា​នៅឡើយ​នោះទេ ។ ចំណែក​មន្ត្រី​ជំនាញ​បាន​លើកឡើងថា ភាគី​លោក ខេ​ម មិនដែល​ចូលខ្លួន​មក​ដោះស្រាយ​ចំពោះមុខ​សមត្ថកិច្ច​និង​តាមផ្លូវ​ច្បាប់​នៅឡើយ ។ ដូច្នេះហើយ ទើប​យើង​ត្រូវបញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​អនុវត្តតាម​និតិ​វិធី ។​
​ទាក់ទង​ករណីនេះ លោក ខេ​ម ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​សំដី​មក​ចុះផ្សាយ​ថា លោក​វិលមុខ​ខ្លាំងណាស់ ខណដែល​ភាគី​ម្ខាង​ទៀត​ទាមទារ​សំណង​រហូតដល់​២៥០០០​ដុល្លារ ក្នុងពេលដែល​លោក​មិនមែនជា​អ្នក​ខុស ។​
​យ៉ាងណាក៏ដោយ​ថ្នាក់ដឹកនាំ​របស់​ផលិតកម្ម​ថោ​ន ដែលជា​ជំរក​របស់​តារាចម្រៀង ខេ​ម មិនបាន​បញ្ចេញយោបល់​អ្វី​ទាំងអស់​ចាប់តាំងពី ខេ​ម ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។​
​មជ្ឈដ្ឋាន​ទូទៅ បាន​លើក​ជា​ចម្ងល់​ថា លោក ខេ​ម ជា​តារាចម្រៀង​ដល់​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា ហេតុ​អី​មិន​ចេញ​មុខមក​ដោះស្រាយ ចំពោះ​ហេតុការណ៍​ដែល​កើតឡើង និង​ពាក់ព័ន្ធ​ដល់​រូបលោក ដើម្បី​ឲ្យ​អ្នកគាំទ្រ ដឹងថា អ្នកណា​ខុស​អ្នកណា​ត្រូវ​ពិតប្រាកដ ។ ប៉ុន្តែ​ការមិន​ចេញមុខ​មក​ដោះស្រាយ​ត្រូវបាន​អ្នកគាំទ្រ​គិតថា អ្នក​ខុស​គឺជា​លោក ខេ​ម ហើយ​លោក​ត្រូវតែ​ក្លាហាន​ចេញមុខ​មក​ដោះស្រាយ ៕

227