សិល្បៈ៖តារាចម្រៀងដែលកំពុងមានប្រជាប្រិយភាពក្នុងស្រទាបយុវវ័យអ្នកនាង ពេជ្រ សោភា ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរ ពេទ្យ នាប្រទេសថៃ បន្ទាប់ពីជំងឺរបស់នាងបានធ្វើទុក្ខកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ គឺឈាមសស៊ីឈាមក្រហម។
រូបភាពជាច្រើនសន្លឹកដែលបង្ហាញពី ពេជ្រ សោភា សម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនាទីក្រុងបាងកកប្រទេសថៃត្រូវបានគេ នាំគ្នាចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងសារជូនពរ និងក្តីបារម្ភពីប្រិយមិត្តគាំទ្រ។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា ជំងឺឈាមសស៊ីឈាមក្រហម ដែលបានរើឡើងចំពោះតារាចម្រៀងនាង ពេជ្រ សោភា មានលទ្ធផលបែបណានៅឡើយទេ បន្ទាប់ពីនាង ត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់នៅក្នុងមន្ទីរពេទ្យនៅប្រទេសថៃ។
បើតាមការអះអាងពីអ្នកជិតស្និទ្ធជាមួយ ពេជ្រ សោភា បានបញ្ជាក់ថា គណះកម្មការក្នុងកម្មវិធី The Voice រូបនេះបានមានជំងឺឈាមសស៊ីឈាមក្រហម ហើយនាងត្រូវលេបថ្នាំជាប្រចាំ និងត្រូវឡើងចុះទៅកាន់ប្រទេសថៃ តាមដានសុខភាពរាល់ពេលធ្វើទុក្ខ។ ជំងឺរបស់នាង គឺជាជំងឺចាស់ និងមានសភាពប្រក្រតីមួយរយៈធំមកហើយ ប៉ុន្តែមកពីនាងប្រើប្រាស់កម្លាំងហួសហេតុ ក្នុងការផលិតបទថ្មី ទើបធ្វើឲ្យភាពទ្រុឌទ្រោមលេចឡើង។
ប្រភពដដែលបានបន្ថែមថា ជំងឺរបស់នាងបានរើឡើងវិញ ដោយសារតែមួយរយៈមុន នាងមិនបានសម្រាកគ្រប់គ្រាន់ និងបានគិតច្រើន ដោយសារតែត្រូវនិពន្ធបទថ្មីៗសម្រាប់ឱកាសចួលឆ្នាំជាមួយនឹង ក្រុមការងារ។ នាងប្រឹងប្រែងការងារ ដោយគិតតែពីលទ្ធផលជោគជ័យ តែមិនបានគិតដល់បញ្ហាសុខភាពរបស់នាងនោះទេ ទើបបណ្ដាលឲ្យជំងឺឈាមសស៊ីឈាមក្រហមកើតឡើងជាថ្មី ហើយការធ្វើទុក្ខមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសថៃនោះ ហាក់មានកម្រិតធ្ងន់។ នាងត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃ និងកំណត់ឲ្យចូលសម្រាកនៅក្នុងមន្ទីរពេទ្យប៉ាយ៉ាថៃ ក្នុងទីក្រុងបាងកក ដើម្បីជួយសង្គ្រោះបន្ទាន់។
យ៉ាងណាក៏ដោយអាការៈធ្វើទុក្ខបែបនេះ មិនមែនជាលើកទីមួយនោះទេ ទើបទាំង ពេជ្រ សោភា និង ក្រុមការងារហាក់មិនមានការបារម្ភខ្លាំង។
យោងតាមការបញ្ជាក់ជំងឺរបស់នាង គឺតម្រូវមិនឲ្យគិតច្រើន និងសម្រាកឲ្យបាន គ្រប់គ្រាន់ ប៉ុន្តែកាលពីអំឡុងមុនចូលឆ្នាំ ពេជ្រ សោភា បានប្រឹងប្រែងផលិតបទថ្មី និងបំបែកក្បាច់រាំ ដោយមិនបានគិតដល់ចំណុចនេះ ទើបសុខភាពចុះខ្សោយ ហើយបណ្ដាលឲ្យជំងឺឈាមសស៊ីឈាមក្រហម ធ្វើទុក្ខ។នាងក៏ត្រូវបានគេអះអាងថា មានជំងឺបំពង់កថែមមួយមុខទៀតផងដែរ មុនពេលឡើងទៅសម្រាកព្យាបាលនៅក្នុងប្រទេសថៃ ។
ដោយឡែកនៅលើគណនេយ្យហ្វេសប៊ុក ពេជ្រ សោភា មិនបានបញ្ជាក់ពីអាការះជំងឺបានវិវត្តន៍យ៉ាងណានោះឡើយ ពោលគឺបានត្រឹមតែបង្ហោះឲ្យឃើញពីទិដ្ឋភាពពេលនាងទទួលការសង្គ្រោះ បន្ទាន់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតថៃប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយមានប្រិយមិត្តគាំទ្រនាងជាច្រើនរូបបានសម្តែងក្តី រំពឹងថា ពេជ្រ សោភា នឹងវិលមកកាន់សភាពដើមជាធម្មតាឡើងវិញ និងអាចបង្ហាញខ្លួនជាមួយដៃគូចម្រៀងគឺលោក ដេវីត ក្នុងព្រឹទ្ធការណ៍រាំញីកែងជើងដើម្បីបង្កើតកំណត់ត្រាថ្មី ក្នុងពេលដែលមានការប្រកួតបាលទាត់មិត្តភាពរវាងកម្ពុជា និងទីម័រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះនៅពហុកីឡាដ្ឋានជាតិអូឡាំពិច៕