អត្ថបទ៖លោក ខេមរិន្ទ រូបភាព៖ គ . បញ្ញា
ភ្នំពេញ៖ រហូតមកដល់ម៉ោង៨ និង០០នាទី យប់ថ្ងៃទី ២៦ ឧសភា នេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងស្នាក់នៅកន្លែងមានសុវត្ថិភាព និងមិនត្រូវបានឃាត់ខ្លួននោះទេ ។ការតាមរកលោក កឹម សុខា យ៉ាងតក់ ក្រហល់ ដោយកម្លាំងប្រដាប់អាវុធ បង្កឲ្យ មានការភ្ញាក់ផ្អើលនេះ ត្រូវគេគិតថា តុលាការកំពុងពន្លឿនបន្តនីតិវិធីក្នុង សំណុំរឿងប្រឆាំងនឹងលោក កឹម សុខា ដែលបានមើលស្រាលចំពោះនីតិវិធីតុលាការ។
តំណាងរាស្ត្របក្សប្រឆាំង លោក អេង ឆៃអ៊ាង បានប្រាប់បណ្តាញព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍ នេះថា មន្ត្រីជាន់ខ្ពស់គណបក្ស បានមកជួបជុំគ្នានៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែ ដើម្បីលើកទឹកចិត្តលោក កឹម សុខា។ ប៉ុន្តែលោកបដិសេធមិនអត្ថាធិប្បាយថា តើលោក កឹម សុខា កំពុងស្នាក់នៅកន្លែងណានោះទេ។
នៅរសៀលថ្ងៃនេះដែរ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យរាជរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ ជួបចរចាជាបន្ទាន់ បន្ទាប់ពីហេតុការណ៍សមត្ថកិច្ចតាមស្វែងរកលោក កឹម សុខា និងបានឃាត់រថយន្តដែលលោក កឹម សុខា ធ្លាប់ជិះនៅតាមបណ្តោយផ្លូវនរោត្តមកាលពីវេលាម៉ោងជាង ១១ ថ្ងៃត្រង់ ថ្ងៃទី២៦ ឧសភា នេះ។
ទាក់ទិននឹងសេចក្តីថ្លែងការណ៍បស់ស្ថានទូតអាមេរិកនេះដែរ លោក ផៃ ស៊ីផាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានការសោកស្តាយ ចំពោះការលើកឡើងរបស់ស្ថានទូតអាមេរិក ដែលធ្វើឲ្យមជ្ឈដ្ឋានយល់ច្រឡំថា រដ្ឋាភិបាលកំពុងមានជម្លោះជាមួយ លោក កឹម សុខា ។ករណីនេះជា ទំនាស់រវាងបុគ្គល កឹម សុខា និងស្ថាប័នតុលាការ ដោយសារបុគ្គលមិន បានគោរពតាមច្បាប់របស់ស្ថាប័នតុលាការ។
គួរបញ្ជាក់ថា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅសាជាថ្មី ឲ្យលោក កឹម សុខា ចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង៩ព្រឹក លើសំណុំរឿងសញ្ចារកម្ម ក្រោយពីលោកមិនបានចូលបំភ្លឺ។ តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
កន្លងទៅ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងថា អ្នកមានអភ័យឯកសិទ្ធិទាំងអស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាល ឬនគរបាលយុត្តិធម៌នោះទេ។ លោកពន្យល់ថា ប្រសិនបើតុលាការចោទប្រកាន់អ្នកមានអភ័យឯកសិទ្ធិ ទាល់តែមានការព្យួរអភ័យឯកសិទ្ធិ។ ប្រសិនបើករណីមិនចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ដោយហេតុថា នេះជាបទល្មើសជាក់ស្តែង។
លោកឱម យ៉ិនទៀង មានប្រសាសន៍ថា “ លិខិតដែលយើងឃើញថាព្រះរាជអាជ្ញាកោះហៅលោកកឹម សុខា មក។ បើ លោក កឹម សុខា គាត់មកតាមការកំណត់។ មកដល់គាត់ប្រាប់ថា “ ខ្ញុំតំណាងរាស្ត្រ ខ្ញុំមានអភ័យឯកសិទ្ធិ “ ខ្ញុំជឿថា ព្រះរាជអាជ្ញានឹងថា លោកអាចឆ្លើយសំណួរនេះទេ? បើគាត់មិនឆ្លើយ ក៏អត់ដឹងធ្វើអីគាត់ដែរ គឺគាត់ត្រូវត្រឡប់ទៅវិញ តែគាត់ប្រឆាំងការទៅ ។ សូមជម្រាបថា គាត់បង្កើតបទល្មើសជាក់ស្តែង អារឿងធំមិនគិត ទៅជាបង្កើតរឿងមួយធំជាងហ្នឹងទៅទៀត អញ្ចឹងគេមិនចាប់អារឿងគាត់អី សញ្ចារកម្មអីទេ គេចាប់រឿងអាបទល្មើសថ្មី ភ្លាមៗនេះ “ ៕