តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់លោក កឹម សុខា
រាជធានីភ្នំពេញ៖តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៦ ខែឧសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាបន្ទាប់ពីស្តាប់ចម្លើយរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា ជាស្រីកំណាន់លោក កឹម សុខា អយ្យការបានកោះហៅជនសង្ស័យ២រូបដែលជាតំណាងរាស្ត្របក្សប្រឆាំង គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ មកឆ្លើយបំភ្លឺហើយលោក កឹម សុខា ក៏ត្រូវបានកោះហៅ ក្នុងឋានៈជាសាក្សីផងដែរ៕